Sunday, January 10, 2016

ជីវិតតស៊ូរបស់អាប់ប្រាហ័ម លិនខល៍ន


អាប់ប្រាហ័ម លិនខល៍ន ស៊ើបខ្សែស្រឡាយទៅឃើញបានត្រឹមតាទួត តែប្រវត្តិលិនខល៍នមានអ្នកសរសេរទុកជាច្រើនហើយអ្នកសរសេរប្រវត្តិក្នុងពេលជាខាងក្រោយក៏ស្រាវជ្រាវរឿងរ៉ាវឡើងទៅរហូតបានឃើញថាត្រកូលដើមរបស់បុគ្គលម្នាក់នេះគឺ សាម៊ូអេល លិនខល៍ន ជាងត្បាញរោមចៀមដែលភៀសខ្លួនមកពីប្រទេសអង់គ្លេសទៅរស់នៅប្រទេសអាមេរិកតាំងពីគ.ស. ១៦៣៧ គឺ ១៧២ ឆ្នាំមុនអាប់ប្រាហ័មលិនខល៍នកើត តែមានជីវិតដ៏លំបាកតោកយ៉ាករហូតមកទាំងត្រកូលមិនដែលមាននរណាមានបានស្តុកស្តម្ភរឺបានជាបុគ្គលសំខាន់អ្វីឡើយហើយមាតាក៏មានឋានៈក្រីក្រដូចគ្នា តែមាតាមានរឿងរ៉ាវថាជាខ្សែស្រឡាយត្រកូលវណ្ណៈខ្ពស់បូរាណ។មាតាឈ្មោះណែលស៊ី ហែងរៀបការជាមួយថូម៉ាស់ លិនខល៍នបិតាអាប់ប្រាហ័មនាគ.ស. ១៨០៦ បីឆ្នាំមុនអាប់ប្រាហ័មលិនខល៍នកើត កូនច្បងជាស្រី ឈ្មោះ សារ៉ា ចំណែកអាប់ប្រាហ័មលិនខល៍នជាកូនទីពីរ។
ថូម៉ាស់ លិនខល៍ន បិតារបស់អាប់ប្រាហ័ម លិនខល៍ន ជាមនុស្សចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា និស្ស័យហាក់ខ្ជិលច្រអូសប្តូរអាជីពងាយៗ ម្តងជាកសិករ ម្តងជាជាងឈើ ក្រៅពីចូលចិត្តប្តូរការងារហើយ ថែមទាំងចូលចិត្តប្តូរទីលំនៅនិងមានគំនិតមិនប្រាកដប្រជាទៀតផង។
ពេលអាប់ប្រាហ័ម លិនខល៍នអាយុបាន ៧ ខួប ក៏មានការប្តូរទីកន្លែងរស់នៅម្តងទៀត កន្លែងដែលទៅនោះកាន់តែចូលទៅក្នុងព្រៃជាងកន្លែងដើមទៅទៀត។ គេសាងខ្ទមដែលមានជញ្ជាំងបីខាងប៉ុណ្ណោះនៅរហូតពីររដូវរងាហើយអាប់ប្រាហ័ម លិនខល៍នមានអាយុទើប ៧-៨ ខួបប៉ុណ្ណោះក៏ត្រូវបង្វឹកឲ្យកាន់ពូថៅកាប់ឈើពុះឧស។ លុះនៅទីកន្លែងថ្មីនេះបានពីរឆ្នាំមាតាអាប់ប្រាហ័ម លិនខល៍នក៏ទទួលអនិច្ចកម្ម (គ.ស. ១៨១៤) គ្រាដែលអាប់ប្រាហ័មលិនខល៍នអាយុបាន ៩ ខួប ហើយក្នុងខណៈដែលមានអាយុត្រឹមប៉ុណ្ណឹង ក៏បានជួយបិតាកាត់ឈើឈូសឈើធ្វើក្តារមឈូសមាតា។ បិតាមានភរិយាថ្មីទៀត តែម្តាយចុងម្នាក់នេះជាមនុស្សល្អ បានសម្តែងសេចក្តីមេត្តាប្រណីយកចិត្តទុកដាក់ការរស់នៅកូនប្រពន្ធដើម អាប់រាហ័ម លិនខល៍នក៏មានសេចក្តីស្រលាញ់ជិតស្និទ្ធនឹងម្តាយចុងខ្លាំងណាស់ដែរ។
ក្នុងពេលនេះ អាប់ប្រាហ័ម លិនខល៍នបានទៅចូលសាលារៀនដែលហៅថា "សាលារៀនមាត់ទទេ" គឺគ្មានតម្រារៀន ព្រោះជាសាលារៀនដែលនាំគ្នាតាំងឡើងសម្រាប់ក្មេងដែលកើតនៅក្នុងព្រៃដូច្នោះ ហើយអាប់ប្រាហ័មលិនខល៍នរៀនបានល្អខ្លាំងណាស់ អានអក្សរ(ដែលគ្រូសរសេរឲ្យលើក្តាខៀន)បានយ៉ាងរួសរាន់ពូកែប្រកបសរសេរអក្សរក៏ស្អាត ហើយតែងសេចក្តីបានល្អមកតាំងពីតូច ជាសិស្សពូកែបំផុតក្នុងសាលារៀនក្នុងព្រៃនោះតែក៏មានឳកាសបានរៀនត្រឹម១១ ខែក៏ត្រូវបានបង្ខំឲ្យត្រឡប់មកកាប់ឧសកាប់ឈើ អ្វីដែលហៅថា"ការសិក្សា" របស់អាប់ប្រាហ័ម លិនខល៍នបានទទួលក្នុងជីវិតរបស់គាត់គឺមានតែប៉ុណ្ណឹងឯង។
តែពេលអានសៀភៅបានហើយ ក៏ចូលចិត្តអាន រកសៀភៅបានខ្លះដូចជានិទានអ៊ីសុប(Aesop)រ៉ូប៊ិនសាន់ ឃ្រូសូជីវប្រវត្តិ វ៉ឈិងតាន់ ប្រវត្តិរបស់ហ្វ្រែងឃ្លិន ដែលហ្វ្រែងឃ្លិនសរសេរដោយខ្លួនឯង អានចប់អស់ អានរហូតចាំល្អិតយកទៅនិយាយឲ្យក្មេងដទៃស្តាប់យ៉ាងជក់ចិត្ត តាំងពីដើមដល់ចប់។ សៀវភៅពីបីក្បាលនេះប៉ុណ្ណោះ ដែលបានជួយហាត់ពត់លត់ដំក្មេងក្រីក្រម្នាក់ឲ្យក្លាយជាមនុស្សដ៏អស្ចារ្យរបស់អាមេរិកានិងរបស់ពិភពលោក។
លក្ខណៈដែលសំដែងឲ្យឃើញតាំងពីតូច គឺមនោគតិដ៏ល្អមួយ ជាមនុស្សមាននិស្ស័យរួសរាយហើយមានមេត្តាករុណា មិនព្រមចេញបរបាញ់សត្វដូចក្មេងនៅក្នុងព្រៃដទៃទៀត ពូកែនិទានរឿងហើយរឿងនេះឯងដែលធ្វើឲ្យអាប់ប្រាហ័ម លិនខល៍នជាទីនិយមពេញចិត្តរបស់មិត្តភក្តិក្មេងៗទាំងឡាយ។ ទាក់ទងនឹងរឿងមានមនោគតិច្រើននេះ មានរឿងពោលថា ថ្ងៃមួយក្នុងកំឡុងពេលនៅក្នុងសាលារៀន មិត្តម្នាក់ត្រូវលោកគ្រូឲ្យប្រកបពាក្យមួយដែលក្មេងម្នាក់នោះមិនប្រាកដក្នុងចិត្តថានឹងត្រូវប្រើអក្សរ "i" រឺ "y" អាប់ប្រាហ័ម លិនខល៍នលួចប្រាប់មិត្តរួមថ្នាក់ម្នាក់នោះដោយយកដៃចង្អុលទៅកាន់ភ្នែករបស់ខ្លួន មិត្តម្នាក់នោះទើបដឹងថាត្រូវប្រើអក្សរ "i" នេះគឺជានិមិត្តសញ្ញានៃមនោគតិដ៏ល្អរបស់ក្មេង បើមាតាបិតារឺគ្រូជាអ្នកពូកែសង្កេត នឹងដឹងបានភ្លាមថាក្មេងដែលមានមនោគតិដល់ថ្នាក់នេះនឹងអាចសាងអនាគត់បានឆ្ងាយតែម្តង។
ក្រៅពីការងារកាប់ឈើកាប់ឧស អាប់ប្រាហ័ម លិនខល៍នបានធ្វើការស៊ីឈ្នួលជាច្រើនយ៉ាងទៀតដោយប្រើកម្លាំងទោះអាយុតិចតែជាមនុស្សមានមាឌធំហើយមានកម្លាំងពលំច្រើន អាចស៊ីឈ្នួលតាមនាវាជញ្ជូនអីវ៉ាន់តាមដងទន្លេទៅផ្លូវឆ្ងាយៗ ទៅដល់ណាក៏បាន មនោគតិចាំរឿងរ៉ាវមករៀបរាប់អំពីទស្សនីយភាពដ៏ស្រស់ស្អាតរបស់ធម្មជាតិនិងស្រុកទេសនោះៗ ដូចដែនសួគ៌ា។ ពេលនៅផ្ទះក៏ស៊ីឈ្នួលធ្វើការឲ្យអ្នកភូមិផងរបងជាមួយ អ្នកភូមិចូលចិត្តជួលអាប់ប្រាហ័ម លិនខល៍ន គេជាអ្នកបម្រើដ៏ល្អបំផុតមកតាំងពីតូចក្រូចឆ្មា មនុស្សដែលធ្លាប់ជួលអាប់ប្រាហ័មលិនខល៍នធ្វើការ រមែងមានអារម្មណ៍ថាបានលទ្ធផលលើសថ្លៃឈ្នួល ព្រោះក្រៅពីធ្វើការងារដែលបានជួលឲ្យធ្វើនោះបានយ៉ាងល្អហើយ នៅធ្វើការថែមឲ្យដូចជា ជួយកភ្លើងជួយដងទឹក ជួយមើលកូន អាប់ប្រាហ័ម លិនខល៍នមាននិស្ស័យជាអ្នកបម្រើដ៏ល្អក្នុងខ្លួនឯង ហើយធ្វើការឲ្យលើសថ្លៃឈ្នួលជានិច្ច ជាលក្ខណៈដែលបង្ហាញថានឹងអាចសាងអនាគតល្អក្នុងពេលខាងមុខ។
មិនថាទៅឆ្ងាយរឺជិត ត្រឡប់ផ្ទះរាល់ថ្ងៃ រឺយូរៗ ទើបត្រឡប់ ពេលមកដល់ផ្ទះ អ្នកជិតខាងក៏សប្បាយចិត្តហើយអង្គុយរោមជុំជិតចាំស្តាប់រឿងនិទានព្រោះគេនិទានរឿងពួកែជានិច្ច។
នៅ គ.ស. ១៨៣០ ពេលអាប់ប្រាហ័ម លិនខល៍នមានអាយុ ២១ ឆ្នាំត្រូវប្តូរកន្លែងរស់នៅម្តងទៀត ដើរផ្លូវឆ្ងាយដោយរទេះគោ អាប់ប្រាហ័ម លិនខល៍នជាអ្នកបរទេះរហូត ក្នុងខណៈដែលអាប់ប្រាហ័ម លិនខល៍ន (ដែលតទៅនេះនឹងហៅតែនាមត្រកូលថាលិនខល៍ន ព្រោះមិនមានរឿងដែលនឹងត្រូវពោលដល់លិនខល៍នដទៃឲ្យជាន់គ្នាទៀត) ធំឡើងរាង្គខ្ពស់ វាស់តែខ្លួនដោយមិនពាក់ទ្រនាប់ជើងក៏បាន ៦ ហ៊្វុត ៣ ធ្នាប់ បើមនុស្សកំពស់នេះមកនៅស្រុកយើងពេលចេញចូលទ្វារផ្ទះច្បាស់ជាត្រូវឳនជានិច្ចហើយ។
រួមសេចក្តីថា រហូតមកដល់អាយុ ២១ ឆ្នាំហើយលិនខល៍នក៏ស្ថិតក្នុងឋានៈក្រីក្រតោកយ៉ាកនៅឡើយ គ្មានការសិក្សា ធ្វើការដោយកម្លាំង ហើយជាអ្នកបម្រើ ការងារស៊ីឈ្នួល តែលិនខល៍នក៏ខ្វល់ខ្វាយរកចំណេះដឹង ផ្លូវរកចំណេះដឹងមានតែម្យ៉ាងគឺរកសៀវភៅមកអាន បានសៀវភៅអ្វីម្យ៉ាងមកក៏អានហើយអានទៀត ស្ទើរតែជាការទន្ទេញចាំ។
ទាក់ទងនឹងរឿងការសិក្សានេះ សមគួរនឹងពោលបានតែម្តងថា ពេលលិនខល៍នបាទទួលការជ្រើសរើសជាសមាជិកសភាខងក្រេសអាមេរិកា ហើយចាំបាច់ត្រូវបំពេញទិន្នន័យក្នុងទម្រង់ឯកសារ ប្រវត្តិសម្រាប់ប្រឡោះEducation គឺការសិក្សានោះ លិនខល៍នសរសេរបំពេញថាDefective ដែលប្រែថា "ខ្វះខាត" ព្រោះមិនអាចនឹងប្រាប់ថ្នាក់ប្រាប់កម្រឹតវិជ្ជារឺអាងសញ្ញាប័ត្រអ្វីបាន។
កន្លែងរស់នៅរបស់លិនខល៍នក្នុងពេលនេះ គឺតំបន់ញិវសាលេម ដែលបច្ចុប្បន្ននេះជាទីកន្លែងដែលត្រូវបានបោះបង់ចោល មិនមានសូម្បីសំណាកបាក់បែកអ្វីសេសសល់ឡើយ ជាអនុស្សាវរីយ៍នៃការករូបរាង្គសាងខ្លួនរបស់លិនខល៍ន តែក្នុងសម័យដែលលិនខល៍នមករស់នៅនោះជាភូមិមានផ្ទះប្រមាណ ២០ ខ្នងនិងមានមនុស្សនៅប្រមាណ ១០០ នាក់។
ក្នុងគ.ស. ១៨៣១ ពេលលិនខល៍នមានអាយុបាន ២២ ឆ្នាំ បានមានការផ្លាស់ប្តូរខ្លះក្នុងជីវិតដោយមានមនុស្សឈ្មោះអហ្វខាត់ (Offcut) សៀវភៅខ្លះសរសេរអហ្វហ្វាត់ (Offut) មកសាងហាងលក់របស់នៅតំបន់ញិវសាលេមហើយជួលលិនខល៍នជាស្មៀនប្រចាំហាង។ លិនខល៍នបានផ្លាស់សភាពជីវិតចេញពីកម្មករប្រើកម្លាំងបាយមកធ្វើការខាងសរសេរអក្សរ តែក៏ធ្វើមិនបានយូរ ការលក់ដូររបស់នាយអហ្វខាត់បានដួលរលំហើយត្រូវបានបិទទ្វារលិនខល៍នក៏ក្លាយជាមនុស្សទាត់ខ្យល់អត់ការធ្វើម្តងទៀត។
តែគេក៏រកមិត្តបានច្រើនណាស់ ការមានទឹកចិត្តទូលំទូលាយ ជួយអ្នកនោះអ្នកនេះដោយកម្លាំងបាយរបស់គេធ្វើឲ្យគេបានទទួលការនិយមរាប់រកក្នុងតំបន់តូចតាចនោះ ម្យ៉ាងទៀតនៅតំបន់ញិវសាលេមនោះមានប្រពៃណីប្រកួតចម្បាប់ ដែលអ្នកមកនៅថ្មីនឹងត្រូវបានពន្យុះឲ្យតស៊ូជាមួយមនុស្សដែលនៅមុន នខល៍នតស៊ូរហូតឈ្នះអ្នកខ្លាំងបំផុតរបស់ភូមិនោះ លិនខល៍នទើបក្លាយជាវិរៈបុរសដ៏អស្ចារ្យនៅតំបន់តូចៗ បន្ថែមសេចក្តីនិយមរាប់រកដែលមាននៅស្រាប់ហើយឲ្យកាន់តែច្រើនឡើង។
គ្រាមួយមានការបោះឆ្នោតរើសអ្នកតំណាងរាស្ត្រ លិនខល៍នបានទទួលនាទីជាស្មៀនប្រចាំគណៈកម្មការបោះឆ្នោតក្នុងតំបន់ញិវសាលេម ដោយសារជាតំបន់តូចអ្នកមកបោះឆ្នោតក៏តិច មានពេលទំនេរច្រើន អ្នកមកបោះឆ្នោតលុះឃើញលិនខល៍នក៏សុំឲ្យនិទានរឿងឲ្យស្តាប់ ទើបលិនខល៍នត្រូវធ្វើតួនាទីពីរយ៉ាង គឺនាទីជាស្មៀនផងនាទីនិទានរឿងឲ្យអ្នកមកបោះឆ្នោតស្តាប់ផង។
ហើយក្នុងការដែលបានជាស្មៀនប្រចាំគណៈកម្មការបោះឆ្នោតនេះឯង ដែលធ្វើឲ្យលិនខល៍នយកចិត្តទុកដាក់រឿងនយោបាយ ព្រោះមើលឃើញថា បណ្តាអ្នកស្ម័គ្របោះឆ្នោតក៏មិនមែនល្អជាងលិនខល៍នគ្រប់គ្នា គេអាចស្តុកស្តម្ភជាងមានឋានៈល្អជាង បានទទួលការសិក្សាមកល្អជាង តែក្នុងរឿងគំនិតរឿងដែលមនុស្សនិយមចូលចិត្ត រឺក្នុងការនិយាយស្តីនោះ លិនខល៍នជឿខ្លួនឯងថាមិនចាញ់ពួកនេះឡើយ។ គំនិតដូច្នេះឯងដែលអូសទាញលិនខល៍នឲ្យមានមហិច្ឆតាប្រាថ្នាដំណើរជីវិតក្នុងផ្នែកនយោបាយដោយស្ម័គ្របោះឆ្នោតជាមួយគេខ្លះ។
ក្នុងគ.ស. ១៨៣២ ពេលលិនខល៍នអាយុបាន ២៣ ឆ្នាំមានការបោះឆ្នោតសមាជិកសភានៃរដ្ឋដែលខ្លួនរស់នៅនោះជាថ្មី លិនខល៍នស្ម័គ្របោះឆ្នោតដែរ តែចៃដន្យកើតរឿងពួកឥណ្ឌាស្បែកក្រហមកចលាចលឡើង រាជការប្រកាស់ទទួលអាសាស្ម័គ្រទៅបង្ក្រាបពួកឥណ្ឌាស្បែកក្រហមដែលមានកម្លាំងពលទាហានដល់ទៅ ៥០០ នាក់មានសេះជិះយ៉ាងល្អហើយមានអាវុធល្អៗផងដែរ។ លិនខល៍នចូលស្ម័គ្រ ហើយត្រូវបានជ្រើសរើសជាមេបញ្ជាការអង្គភាព ដែលលិនខល៍នខ្លួនឯងសរសេរទុកថា គេត្រេកអរក្រៃលែងជាងបានទទួលតំណែងដទៃៗ តមកជាខាងក្រោយទៅទៀត។ នៅក្នុងជួរទាហាននោះឯងលិនខល៍នក៏បានទទួលការនិយមរាប់អានពីមិត្តទាហានជាខ្លាំង លុះពេលយប់មកដល់ ក៏មកអង្គុយជុំវិញគំនរភ្នក់ភ្លើង ស្តាប់លិនខល៍ននិទានរឿង មានពេលក៏លេងចម្បាប់ជាមួយអ្នកចម្បាប់អង្គភាពផ្សេងទៀត។ ដំបូងឡើយស្ម័គ្រត្រឹមមួយខែ តែលុះគ្រប់ហើយក៏ស្ម័គ្រតទៀតមិនប្រាកដថាបានធ្វើចម្បាំង ព្រោះបានទទួលបញ្ជាឲ្យប្រញាប់ទៅកាន់កន្លែងមួយ ដែលទាហានអាសាមួយកងពលកំពុងធ្វើការតស៊ូជាមួយពួកឥណ្ឌាស្បែកក្រហម ពេលគេទៅដល់ ពួកឥណ្ឌាក្រហមក៏ទៅបាត់អស់ហើយ ការងារដែលគេត្រូវធ្វើតក៏គឺ កប់សពទាហានអាសាដែលបានស្លាប់ប៉ុណ្ណោះឯង។
គ្រាន់តែ ១០ ថ្ងៃមុនថ្ងៃបោះឆ្នោតប៉ុណ្ណោះដែលលិនខល៍នត្រឡប់មកពីកងទ័ព តែតាមពិតមុនទៅចូលកងទ័ពក៏បានបោះពុម្ពពាក្យប្រកាសឃោសនាចែកចាយទៅជាច្រើនហើយ ថាគេស្ម័គ្របោះឆ្នោតក្នុងខេត្តសាំងកាម៉នតែគេបានជួបគួប្រជែងដែលមានវិធីផ្សព្វផ្សាយឃោសនាបានល្អជាងគេខ្លាំងណាស់ នយោបាយរបស់គេដែលសម្តែងចេញសម្រាប់ការបោះឆ្នោត ក៏មិនមានអ្វីច្រើនក្រៅពីថានឹងចាត់ឲ្យការដើរនាវាតាមដងគង្គានាខេត្តសាំងកាម៉ននោះឲ្យមានភាពល្អប្រសើរឡើង។ គេបាថ្លែងសុន្ទរកថាត្រឹម ២-៣ ម៉ាត់ សម្រាប់ក្នុងតំបន់ញិវសាលេមនោះមិនមានបញ្ហាគេត្រូវបានសម្លេងល្អបំផុត តែក្នុងតំបន់ផ្សេងគ្មាននរណាស្គាល់គេ ក្រៅពីអ្នកដែលធ្លាប់ធ្វើទាហានទៅច្បាំងជាមួយគ្នា ហើយដោយសារមានពេលផ្សព្វផ្សាយឃោសនាត្រឹម ១០ថ្ងៃទើបទទួលបរាជ័យតែក៏មិនបានបរាជ័យឆ្ងាយណាស់ណា ជាពិសេសក្នុងតំបន់ញិវសាលេមដែលជាតំបន់រស់នៅរបស់គេនោះគេបានពិន្ទុម្នាក់ឯងស្ទើរទាំងអស់ បេក្ខជនដទៃបានទៅត្រឹម៣ សម្លេងប៉ុណ្ណោះឯង។
ទោះបីបរាជ័យហើយ លិនខល៍នក៏នៅមិនលះបង់សេចក្តីព្យាយាមក្នុងការចូលស្ម័គ្រទទួលបោះឆ្នោតគ្រាក្រោយទៀត តែមុននឹងដល់ពេលបោះឆ្នោតថ្មីក៏ត្រូវរកការងារធ្វើ មានប្រាក់កាស់នៅសល់ខ្លះដែលព្យាយាមសន្សំសំចៃទុក យកទៅចូលភាគហ៊ុនជាមួយពាណិជ្ជករម្នាក់ហើយដៃគូភាគហ៊ុននោះបានសាងបំណុលទុកជាច្រើនសន្ធឹកសន្ធាប់ ហើយក៏បានស្លាប់ទៅទៀត លិនខល៍នត្រូវទទួលខុសត្រូវបណ្តាក់សងបំណុលតែម្នាក់ឯង។ មកដល់ត្រង់នេះលិនខល៍នត្រូវជួបប្រទះសេចក្តីទុក្ខលំបាកបំផុតក្នុងជីវិត ជួនកាលត្រូវទៅអាស្រ័យនៅក្នុងផ្ទះអ្នកដទៃ ហើយអាស្រ័យទទួលទានផង ជាឋានៈដែលធ្លាក់លំបាកស្មើនឹងអ្នកសុំទាន។លិនខល៍នឯងបានសរសេរទុកក្នុងប្រវត្តិរបស់ខ្លួនថា គេត្រូវប្រឈមមុខជាមួយបញ្ហាថានឹង
ធ្វើដូចម្តេចទើបបាននុំប៉័ងមកទទួលទាន ដើម្បីរក្សារាង្គកាយនិងវិញ្ញាណឲ្យនៅជាមួយគ្នាតទៅបើសិនអ្នកដទៃប្រហែលគេចទៅនៅកន្លែងផ្សេងដោយមិនបាច់សងបំណុលតែលិនខល៍ននៅធ្វើការសងបំណុលគេតទៅ បំណុលដែលកើតឡើងដោយមិនមែនជាទង្វើរបស់គេសោះ តែនៅទីបំផុតគេក៏រកបានការងារម្យ៉ាងគឺតំណែងជានាយកប្រៃសណីយ៍ ក្នុងតំបន់ញិវសាលេមនោះឯង។
ដែលថាតំណែងនាយកប្រៃសណីយ៍នោះ មិនមែនតំណែងដែលមានប្រាក់ខែល្មមចាយវាយដូចសម័យនេះឡើយប្រៃសណីយ៍ក្នុងវេលានោះ នាយកប្រៃសណីយ៍មានថវិការតបស្នងតាមភាគនៃចំណូលរបស់ប្រៃសណីយ៍ប្រចាំតំបន់។ អ្នកតែងប្រវត្តិលិនខល៍នក្នុងពេលនេះ បានគិតជាតួលេខយ៉ាងល្អិត ហើយបានលទ្ធផលគួរជឿបានថាលិនខល៍នបានចំណូលពីតួនាទីនាយកប្រៃសណីយ៍ក្នុងមួយឆ្នាំមានចំនួន ២៥-៣៥ ដុល្លា បានន័យថាមួយខែ២-៣ ដុល្លាប៉ុណ្ណោះឯងដូច្នេះក្នុងកំឡុងពេលជានាយកប្រៃសណីយ៍នេះ លិនខល៍នក៏ត្រូវស្វែងរកការងារផ្សេងធ្វើដែលជាការងារធ្ងន់ ប្រើកម្លាំងបាយដូចកម្មករ ដូចជាការងារក្នុងរោងកិនម្សៅ ការងារកាប់ឈើស៊ីឈ្នួលធ្វើស្រែ គឺរកពេលវេលាទំនេរទៅធ្វើតាមដែលអាចធ្វើបាន ដើម្បី"រក្សារាង្គកាយនិងដួងវិញ្ញាណឲ្យនៅជាមួយគ្នាតទៅទៀត"។
តែរឿងល្អម្យ៉ាងគឺ នាយកប្រៃសណីយ៍មានសិទ្ធបានទទួលកាសែតអានមួយច្បាប់ ហើយកាសែតនេះបានផ្តល់ប្រយោជន៍ដល់គេច្រើនណាស់ ព្រោះបានអានជ្រាបពត៌មានផ្សេងៗដោយមិនបាច់ចំណាយលុយទិញនិងបានសាងនិស្ស័យជាអ្នកអានកាសែតប្រចាំថ្ងៃ ដែលជានិស្ស័យជាប់តាមគេមករហូតមួយជីវិត តែតំណែងនាយកប្រៃសណីយ៍នេះ គេក៏នៅមិនបានយូរប៉ុន្មាន បីឆ្នាំក្រោយពីបានធ្វើការប្រៃសណីយ៍ក៏បានប្តូរទៅរស់នៅតំបន់ពីទើរ៍ស្បឺកលិនខល៍នក៏អស់តួនាទី។
កំឡុងពេលជានាយកប្រៃសណីយ៍នេះ មានរឿងពីរយ៉ាងដែលសម្តែងលក្ខណៈចម្លែករបស់លិនខល៍ន។ រឿងមួយគឺ បានស្គាល់ជាមិត្តជិតស្និទ្ធជាមួយមនុស្សម្នាក់ ឈ្មោះមែតធិវ ម៉ាឆសរសេរសំបុត្រទៅបងប្រុស ពេលសរសេររឿងធុរៈផ្សេងៗ ស្រេចហើយ ក៏បញ្ចប់ចុងក្រោយថាលិនខល៍ន មិនសូវបាននៅប្រចាំការកន្លែងធ្វើការប្រៃសណីយ៍ (ព្រោះលិនខល៍នត្រូវទៅរកការងារធ្វើ ដើម្បីបានចំណូលបន្ថែម) តែគេជាមិត្តជិតស្និទ្ធជាមួយលិនខល៍នខ្លាំងណាស់ ការដែលគេនាំសំបុត្រមួយច្បាប់នេះទៅដាក់ប្រៃសណីយ៍នោះ បើបានជួបលិនខល៍នគេក៏អាចសុំឲ្យលិនខល៍នបញ្ជួនសំបុត្រនេះឲ្យគេផងបាន ដោយមិនបាច់ចាយថ្លៃប្រៃសណីយ៍ តែបើមិនបានជួបលិនខល៍ន ក៏ត្រូវចាយថ្លៃប្រៃសណីយ៍។
ច្បាប់ការងារប្រៃសណីយ៍ក្នុងពេលនោះ អនុញ្ញាតឲ្យនាយកប្រៃសណីយ៍បញ្ជូនសំបុត្រដោយមិនបាច់ចាយថ្លៃប្រៃសណីយ៍បាន តែបានត្រឹមសំបុត្ររបស់ខ្លួនឯង រឺសំបុត្រដែលទាក់ទងរឿងធុរៈកិច្ចរបស់ប្រៃសណីយ៍ប៉ុណ្ណោះបើយកសំបុត្រអ្នកដទៃរឺមិនទាក់ទងនិងធុរៈកិច្ចរបស់ប្រៃសណីយ៍បញ្ជួនទៅ ដោយមិនចាយថ្លៃប្រៃសណីយ៍នឹងត្រូវពិន័យ ១០ ដុល្លា។
បុគ្គលម្នាក់នោះនាំសំបុត្រមកដល់កន្លែងធ្វើការប្រៃណីយ៍ ចៃដន្យជាពេលដែលលិនខល៍ននៅក្នុងកន្លែងធ្វើការបុគ្គលនោះបានឲ្យលិនខល៍នអានសេចក្តីនៅក្នុងសំបុត្រ វគ្គដែលគេសរសេរថាបើបានជួបលិនខល៍ន គេនឹងសុំឲ្យលិនខល៍នបញ្ជូនសំបុត្រនេះឲ្យដោយមិនបាច់ចាយថ្លៃប្រៃសណីយ៍ លិនខល៍នក៏បញ្ជួនឲ្យដោយមិនយកថ្លៃប្រៃសណីយ៍ ចារលើខ្នងស្រោមសំបុត្រថាឲ្យបញ្ជួនដោយឥតគិតថ្លៃ ហើយចុះឈ្មោះលិនខល៍ន ដោយសុខចិត្តឲ្យខ្លួនឯងត្រូវពិន័យ ១០ដុល្លា ដែលមិនមែនជាចំនួនប្រាក់តិចតួចឡើយ ព្រោះប្រហែលមួយភាគបីនៃចំណូលប្រចាំឆ្នាំក្នុងតំណែងប្រៃសណីយ៍របស់លិនខល៍ន បានន័យថា លិនខល៍នត្រូវធ្វើការ ៤ ខែ សម្រាប់សងថ្លៃពិន័យនេះ។
ហេតុអ្វីលិនខល៍នធ្វើដូច្នេះ?
មានពាក្យអធិប្បាយពីរយ៉ាងៈ-
ប្រការទីមួយគឺ ភាពជាអ្នកមានទឹកចិត្តទូលំទូលាយខុសមនុស្សធម្មតា ជាការពិតប្រាកដណាស់ថា បុគ្គលម្នាក់នោះប្រហែលមិនជ្រាបថាមានបទពិន័យក្នុងការបញ្ជូនសំបុត្រហ៊្រីប្រភេទនេះដល់ទៅ ១០ ដុល្លា គេគិតថានាយកប្រៃសណីយ៍មានអំណាចអាចបញ្ជូនសំបុត្រឲ្យនរណាៗ ហ៊្រីក៏បាន បើជាមិត្តជិតស្និទ្ធគ្នា មាននិស្ស័យរឺការយល់រឿងនេះមាននៅទូទៅក្នុងចំណោមមនុស្សដែលខ្វះការសិក្សា។ បើលិនខល៍ននឹងបា្រប់គេថា មានបទពិន័យ ១០ដុល្លា មនុស្សម្នាក់នោះប្រហែលមិនសុំឲ្យគេបញ្ជូនសំបុត្រហ៊្រី តែគេក៏គ្មានឳកាសនឹងធ្វើឲ្យមនុស្សម្នាក់នោះពេញចិត្តបាន ព្រោះសង្ឃឹមសន្ធឹកសន្ធាប់ថានឹងបានបញ្ជូនសំបុត្រហ៊្រី។បញ្ហាទើបមានតទៅទៀតថា បើចង់ជួយហេតុអ្វីមិនចេញថ្លៃប្រៃសណីយ៍ឲ្យខ្លួនឯង ដែលមានតម្លៃថោកជាងថ្លៃពិន័យ ១០ ដុល្លានោះសន្ធឹកសន្ធាប់ ខនេះតបបានថា បើធ្វើដូច្នោះបុគ្គលម្នាក់នោះក៏នឹងមិនពេញចិត្ត ជួនកាលជាការមើលងាយដូចថាគេគ្មានប្រាក់ចាយឡើយទើបលិនខល៍នជ្រើសរើសយកការបញ្ជូនឲ្យគេហ៊្រី តាមបំណងហើយព្រមចាយថ្លៃពិន័យខ្លួនឯងផលដែលបានគឺ ក្រោយមកបុរសម្នាក់នោះជ្រាបថាលិនខល៍នបញ្ជូនសំបុត្រឲ្យហ៊្រីហើយសុខចិត្តពិន័យដល់ទៅ ១០ ដុល្លាធ្វើឲ្យមនុស្សម្នាក់នោះកើតវិប្បដិសារី និងមានការយល់ចិត្តថ្លើមច្រើនឡើង មិត្តភាពដែលលិនខល៍នបានពីមនុស្សម្នាក់នេះមានតម្លៃច្រើនជាង ប្រាក់ ១០ដុល្លាទៅទៀត ដែលអាចចាត់បានថាជាកុសលោបាយក៏ថាបាន។
ម្យ៉ាងទៀតអធិប្បាយថា ការធ្វើរបស់លិនខល៍នក្នុងរឿងនេះសម្តែងលក្ខណៈជាអ្នកនយោបាយនិងជាអ្នកបដិវត្តន៍យ៉ាងពិតប្រាកដ គឺហ៊ានធ្វើខុសច្បាប់កាលបើឃើញថាចាំបាច់ត្រូវធ្វើ តែមិនគេចវេសការទទួលខុសត្រូវធ្វើទៅហើយក៏សញ្ញេឈ្មោះរបស់ខ្លួនថាជាអ្នកធ្វើ ជាលក្ខណៈអ្នកបដិវត្តន៍និងជាអ្នកនយោបាយយ៉ាងពិតប្រាកដ។
រឿងមួយទៀតដែលកើតឡើងក្នុងរវាងជានាយកប្រៃសណីយ៍ដូចគ្នា បុគ្គលម្នាក់ឈ្មោះចច ស្ពៀរ៍បញ្ជូនកាសែតមកសុំឲ្យគេផ្ញើទៅតាមប្រៃសណីយ៍ តែមិនបានឲ្យថ្លៃប្រៃសណីយ៍មកផងឡើយលិនខល៍នបិតតែមឲ្យហើយក៏បញ្ជួនទៅ រងចាំហើយរងចាំទៀត នាយចច ស្ពៀរ៍ក៏មិនយកថ្លៃតែមប្រៃសណីយ៍មកឲ្យរហូតគ្រប់មួយឆ្នាំទើបលិនខល៍នផ្ញើសំបុត្រទៅឲ្យចច ស្ពៀរ៍ ព្រមទាំងផ្ញើវិក័យប័ត្រថ្លៃប្រៃសណីយ៍ទៅឲ្យផងហើយប្រាប់ថា ពេលមិនទាន់បានផ្ញើវិក័យប័ត្រមកឲ្យក៏នៅធ្វើឲ្យចង់ទារលុយវិញគ្រប់ពេលវេលាទើបផ្ញើវិក័យប័ត្រមកឲ្យតែម្តងទៅ ដើម្បីកុំឲ្យមានអ្វីមកជំរុញចិត្តឲ្យចង់ទារលុយនោះទៀត។ លិនខល៍នយកប្រាក់របស់ខ្លួនឯងចាយថ្លែតែមហើយថែមទាំងចេញវិក័យប័ត្រផ្ញើទៅឲ្យអ្នកដែលមិនព្រមចាយប្រាក់សងថែមទៀត។
ក្នុងកំឡុងពេលនេះ លិនខល៍នបានជួបមនុស្សម្នាក់ឈ្មោះ ចែក កេលសូ ដែលជាមនុស្សមានការសិក្សាល្អ ចែក កេលសូ បានឲ្យលិនខល៍នអានបទនិពន្ធរបស់ឆេកស្ពៀរ៍ ប៊ើន និងប្រៃអាន់ធ្វើឲ្យលិនខល៍នបានទទួលចំណេះដឹង និងឃើញភាពស្រស់ស្អាតរបស់អក្សរសិល្ប៍។ តមកមានក្លិបហ្វឹកវាទកម្មជជែកតទល់គ្នាកសាងឡើងក្នុងតំបន់ញិវសាលេម ដែលលិនខល៍នបានសាកល្បងហ្វឹកហាត់ជជែកតទល់គ្នាបានយ៉ាងល្អក្នុងក្លិបនៃតំបន់តូចៗ នេះឯង តពីនោះលិនខល៍នក៏បានស្គាល់ជាមួយមនុស្សឈ្មោះ ចន ស្ទីវវើត មិត្តម្នាក់នេះណែនាំឲ្យលិនខល៍នរៀនច្បាប់ដែលក្នុងពេលនោះធ្វើបានងាយ ដោយគ្រាន់តែអានតម្រាហើយក៏ទៅចូលប្រឡងបើប្រឡងជាប់ក៏ធ្វើជាមេធាវីប្រចាំតំបន់បាន។ លិនខល៍នជាអ្នកអានស្រេចហើយ ទើបព្យាយាមអានសៀវភៅច្បាប់យ៉ាងវិរិយៈឧស្សាហៈបំផុត។
អ្នកសរសេរប្រវត្តិលិនខល៍នក្នុងកាលដែលគេកំពុងរៀនច្បាប់នេះបានសររសេរថា នៅក្រោមដើមឈើជិតផ្ទះរបស់គេ មិនជាការលំបាកដែលអ្នកជិតខាងទាំងឡាយនឹងបានឮលិនខល៍នអានតម្រាច្បាប់ដោយសម្លេងខ្លាំងៗគឺទន្ទេញចាំនោះឯង គេអាន គេទន្ទេញយ៉ាងយកចិត្តទុកដាក់ មិនមែនអានទន្ទេញចំពោះពេលទំនេរប៉ុណ្ណោះទេគេអានទន្ទេញគ្រប់ពេលវេលាដែលអាចធ្វើបាន។ ក្នុងកំឡុងពេលនេះលិនខល៍នត្រូវធ្វើដំណើរ រវាងស្ព្រិងហ្វិលនិងញិវសាលេមជាញយៗ ដើរដោយជើងតាមថ្នល់ដែលគ្មានការសញ្ចរទៅមកអ្វីច្រើនឡើយ កន្លែងខ្លះត្រូវដើរឆ្លងកាត់តាមភ្លឺស្រែទៀតផង ក្នុងរវាងការធ្វើដំណើរនេះឯង លិនខល៍នក៏អានសៀវភៅច្បាប់លិនខល៍នខ្លួនឯងក៏បា្រប់ថា ក្នុងរយៈពេលធ្វើដំណើររវាងស្ព្រិងហ្វិលទៅញិវសាលេមនេះ គេអានសៀវភៅមួយជើង ៤០ ទំព័រជានិច្ច។
គ្មាននរណាក្នុងតំបន់នោះមិនដឹងថាលិនខល៍នកំពុងរៀនច្បាប់ ព្រោះគ្រប់គ្នានឹងបានឃើញគេដើរទន្ទេញតម្រាច្បាប់ទៅគ្រប់ទីកន្លែង មិនថាទៅណា មិនថាធ្វើការងារធ្ងន់ក្តី ទើបធ្វើឲ្យគេស្គាំងស្គមហើយនឹងស្លេកស្លាំងក្នុងកំឡុងពេលរៀនច្បាប់នេះ ថ្ពាល់ខូងផត ភ្នែកក្រហមប្រាកដដល់មនុស្សទូទៅ។
ហើយក្នុងកំឡុងពេលរៀនច្បាប់នេះឯង លិនខល៍នក៏ដើរយកអាសាព្រៀងសៀវភៅកិច្ចសន្យាព្រៀឯកសារច្បាប់ ព្រៀងពិន័យកម្មឲ្យអ្នកជិតខាង គេមិនបណ្តោយឲ្យខូចឳកាសក្នុងការសាងប្រជាប្រិយភាព អាចជាការក្រាលផ្លូវសម្រាប់គោលដៅខាងនយោបាយក្នុងពេលខាងមុខក៏ថាបាន តែនិស្ស័យរបស់លិនខល៍នគឺដូច្នោះឯងតាំងពីតូចក្រូចឆ្មា រឿងសប្បុរសធម៌ជាលក្ខណៈដែលមាននៅក្នុងលោហិតរបស់បុគ្គលម្នាក់នេះ។
ហើយការរាប់រករបស់អ្នកជិតខាងក៏មានច្រើនពិតមែន ហើយក្នុងពេលដែលលិនខល៍នធ្វើសេចក្តីព្យាយាមរៀនច្បាប់នេះ ក៏កើតសេចក្តីនិយមចូលចិត្តថ្មីម្យ៉ាងទៀតឡើង គឺការនិយមចូលចិត្តសេចក្តីទៀងត្រង់របស់លិនខល៍ន។ ពេលអ្នកស្រុកចាត់ពិធីប្រណាំងសេះឡើងក៏ព្រមចិត្តគ្នាសុំឲ្យលិនខល៍ធ្វើជាកម្មការគ្រប់គ្រងមើលខុសត្រូវ ទោះនរណាប្រកែកគ្នាក្នុងរឿងអ្វី សូម្បីក្នុងរឿងអក្សរសាស្ត្រនិងវណ្ណកម្ម ក៏នៅពេញចិត្តឲ្យលិនខល៍នជាអ្នកសម្រេចសេចក្តីខុសត្រូវ មិនមែនព្រោះលិនខល៍នចេះដឹងគ្រប់យ៉ាង តែព្រោះជឿលើទឹកចិត្តយុត្តិធម៌របស់លិនខល៍នៗ កាត់ក្តីដូចម្តេចគូទំនាស់ក៏យល់ព្រមល្មមចិត្ត ជាការគោរពរាប់អានថ្មីមួយទៀតគឺការគោរពរាប់អានភាពស្មោះត្រង់យុត្តិធម៌ គេបានទទួលកេរិ៍្តឈ្មោះថាជាមនុស្សស្មោះត្រង់យុត្តិធម៌ ដែលជាកេរិ៍្តឈ្មោះសំខាន់បំផុតក្នុងការសាងភាពជាធំឲ្យគេក្នុងកាលខាងមុខ។
គេបានមិត្តភក្តិពេញស្រុកទេស ក្នុងតំបន់ដែលគេរស់នៅនិងទៅមក គេបានមិត្តដោយមិនបាច់អស់សុរារឺសូម្បីតែបារី ជាបុគ្គលដែលមានប្រវត្តិប្រាសចាកភាពមួហ្មង។
ទើបនៅគ.ស. ១៨៣៤ ពេលលិនខល៍នមានអាយុបាន ២៥ ឆ្នាំ បានមានការបោះឆ្នោតទៀតក្នុងខែសីហាលិនខល៍នបានចូលស្ម័គ្របោះឆ្នោតជាថ្មី គឺបោះឆ្នោតជាតំណាងរាស្រ្តចូលប្រជុំក្នុងសភារបស់រដ្ឋដែលគេរស់នៅ (មិនមែនសភាធំរបស់អាមេរិកាទេ) ហើយលើកនេះក៏ត្រូវបានប្រជាជនបោះឆ្នោតឲ្យសមក្តីប្រាថ្នា។
បើប្រកាន់ថាបំណុលជារឿងមិនល្អ លិនខល៍នក៏មានសេចក្តីមិនល្អម្យ៉ាងប៉ុណ្ណោះគឺមានបំណុលខាងដើម បានដល់បំណុលដែលភាគហ៊ុនធ្វើជំនួញខាតទុនសាងបំណុលទុកជាច្រើនបំណុលមួយនេះលិនខល៍នត្រូវបណ្តោះសងទាំរាំរួចអស់រយៈពេលដល់ទៅ ១៥ ឆ្នាំ។ បំណុលលើកទីពីរកើតឡើងក្រោយពេលបានឈ្នះឆ្នោត គឺក្រោយពេលបានឈ្នះឆ្នោតជាតំណាងរាស្ត្រហើយ ក៏បានបុលប្រាក់ពីមនុស្សឈ្មោះខូលមែន ស៊្មូត (Colman Smoot)ចំនួន ២០០ ដុល្លាកាត់ឯកសណ្ឋានថ្មី ៦០ ដុល្លា ព្រោះមិនដែលមានសម្លៀកបំពាក់ល្អនឹងគេ សល់ពីនោះក៏ចាយថ្លៃឈ្នួលរទេះសេះធ្វើដំណើរទៅប្រជុំលើកដំបូងដែលត្រូវធ្វើជាពិធីការ ហើយក៏ជាលើកដំបូងផងដែរក្នុងការជិះរទេះសេះដ៏ល្អ សល់ប្រាក់ខ្លះក្រៅពីនោះក៏ទុកប្រើប្រាស់រឿងផ្សេង។
ការចាយវាយលុយកាក់ដែលបានបុលគេមក រឺបា្រក់ដែលមិនមែនជារបស់ខ្លួននោះ លិនខល៍នប្រើប្រាស់យ៉ាងប្រយ័ត្នប្រយែងបំផុត សមគួរពោលបានថា ក្នុងការបោះឆ្នោតគ្រាខាងមុខ ដែលលិនខល៍នបានឈ្នះឆ្នោតទៀតលើកនេះពួកមិត្តភក្តិរៃអង្គៀសគ្នា ឲ្យប្រាក់ចាយក្នុងការបោះឆ្នោត ២០០ ដុល្លាដូចគ្នា ប្រាក់ទាំងនេះជាប្រាក់ឲ្យទទេមិនមែនប្រាក់បុលទេ មិនចាំបាច់ត្រូវសងវិញ តែក្រោយពេលបោះឆ្នោតដែលបានទទួលជោគជ័យរួចស្រេចហើយ លិនខល៍នប្រគល់ប្រាក់ឲ្យដល់មិត្តភក្តិវិញ ១៩៩ ដុល្លា ២៥ សេន ហើយប្រាប់មិត្តភក្តិថាការរកសម្លេងលើកនេះ គេមិនបាច់ចាយលុយច្រើនទេ ព្រោះជិះសេះទៅដើររកសម្លេង មានការចាំបាច់ដែលត្រូវចាយប្រាក់ត្រឹម៧៥ សេនប៉ុណ្ណោះឯង។
ការចូលជាសមាជិកនៃរដ្ឋសភាសម័យដំបូង លិនខល៍នមិនបានសម្តែងភាពលេចមុខលេចមាត់អ្វីឡើយ គេប្រឹងស្តាប់ ប្រឹងរៀន ហើយគេត្រូវបានជ្រើសរើសជាគណៈកម្មការរឿងមួយរបស់រដ្ឋសភាតែរបាយការណ៍ទីប្រជុំរបស់គណៈកម្មការនោះក៏ប្រាកដពាក្យសម្តីរបស់លិនខលន៍តិចបំផុត គេស្ទើរមិននិយាយអ្វីឡើយ គេគិតថាជាពេលដែលត្រូវរៀនត្រូវសិក្សាហើយមិនព្រមនិយាយស្តី ទាល់តែបា្រកដក្នុងចិត្តថាខ្លួនពូកែជាងរឺស្មើនឹងអ្នកដទៃហើយមកក្នុងសម័យក្រោយៗ ទៀតទើបសម្តែងឲ្យឃើញនូវភាពអស្ចារ្យឡើងៗ ជាលំដាប់។ គេបានទទួលជោគជ័យក្នុងសម័យតមក ហើយបាននៅក្នុងរដ្ឋសភានេះរយៈពេល ៨ ឆ្នាំគឺតាំងតែ គ.ស. ១៨៣៤ ដល់ គ.ស. ១៨៤២ គឺក្នុងរវាងអាយុ២៥-៣៣ ហើយមកដល់ពេលនេះលិនខលន៍ក៏ចាត់ទុកថាតាំងខ្លួនបានហើយ គេបានរៀបការនិងមានផ្ទះសម្បែងរបស់ខ្លួនឯងដែលសាងដោយឈើ ស្អាតបាតល្អសមគួរ សល់ភារៈតែម្យ៉ាងគឺបំណុលដែលភាគហ៊ុនធ្វើទុក ដែលសងមិនទាន់អស់ ហើយក៏បណ្តោះជារឿយៗ ទៅ។
មិនមែនវត្ថុបំណងក្នុងទីនេះដែលនឹងសរសេរប្រវត្តិលិនខល៍នយ៉ាងល្អិតតាំងពីដើមដល់ចប់រឿងដែលត្រូវការពោលក្នុងទីនេះគឺវិថីតស៊ូជីវិត ហើយដូចដែលយើងបានអានមក យើងអាចឃើញបានថា លិនខល៍នបានតស៊ូខ្លាំងប៉ុណ្ណា ដោយកម្លាំងកាយកម្លាំងចិត្ត កម្លាំងគំនិតពុះពារដំណើរប្រព្រឹត្តទៅរបស់ជីវិតដោយសេចក្តីឧស្សាហ៍ព្យាយាម។ ជីវិតរបស់បុគ្គលនេះបានឈានទៅដល់ភាពរុងរោចន៍ តែការតស៊ូក៏មិនចេះអស់មិនចេះហើយ ត្រូវតស៊ូជារឿយទៅ រហូតខ្លួនឯងត្រូវឃាតកម្ម។ រឿងខ្លីៗ ក្នុងជីវៈប្រវត្តិរបស់បុគ្គលនេះក្នុងដំណាក់កាលតទៅមានដូច្នេះ-
ក្នុងគ.ស. ៨៤៦ ពេលអាយុ ៣៧ ឆ្នាំ បានជាសមាជិកសភាខងក្រេស គឺរដ្ឋសភាដ៏ធំរបស់សហរដ្ឋអាមេរិកតែក្នុងពេលជាមួយគ្នានោះកេរិ័្តឈ្មោះរបស់លិនខល៍នក្នុងរឿងជាមេធាវីដែលលិនខល៍នបានចាប់ផ្តើមរៀនច្បាប់ដោយការដើរទន្ទេញតម្រានោះបានរុងរោចន៍ឡើងផងដែរ។ ពីឋានៈអ្នកសិក្សាក្រីក្រដើរទន្ទេញតម្រាច្បាប់ លិនខល៍នក្លាយជាមេធាវីដែលមានឈ្មោះល្បីម្នាក់ ក្នុងរវាងនេះលិនខល៍នយកចិត្តទុកដាក់ការងារអាជីពច្រើនជាងការងារនយោបាយ រហូតដល់ គ.ស. ១៨៥៦ ពេលមានការកតាំងបក្សរីផាប់ភ្លិខឹនឡើងហើយលិនខល៍នបានជាប្រមុខបក្សក្នុងរដ្ឋអ៊ីល្លិណយ ទើបលិនខល៍នបានពលីជីវិតដើម្បីនយោបាយយ៉ាងពិតប្រាកដ។ បក្សរីផាប់ភ្លិខឹនមាននយោបាយជាបដិបក្សនឹងការជួញដូរទាសករ ការងារដ៏សំខាន់បំផុតរបស់លិនខល៍ន ទើបជាការងារលប់បំបាត់ទាសភាព ដែលជាការងារធ្វើឲ្យគេរុងរោចន៍ ធ្វើឲ្យគេត្រូវបានឃាតកម្ម ហើយធ្វើឲ្យគេបានឈ្មោះថាជារដ្ឋបុរសដ៏អស្ចារ្យម្នាក់ក្នុងលោក។
ក្នុងគ.ស. ១៨៦០ លិនខល៍នបានឈ្នះឆ្នោតជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកា ក្នុងអាយុ៥១ ឆ្នាំ តមកបានមួយឆ្នាំក៏កើតសង្គ្រាមស៊ីវិលនៅសហរដ្ឋអាមេរិក ដោយភាគខាងជើងដែលត្រូវការបញ្ឈប់ឲ្យមានទាសករ និងភាគខាងត្បូងដែលមានអាកាស់ធាតុក្តៅអ៊ុនធ្វើការដាំដុះបានល្អ ត្រូវការទាសករទុកប្រើ។ សង្គ្រាមស៊ីវិលបានបញ្ចប់ដោយជ័យជំនះបានទៅភាគខាងជើង ដែលជាខាងរបស់លិនខល៍ន។ តមកក្នុងឆ្នាំ គ.ស. ១៨៦៤លិនខល៍ន បានជាប្រធានាធិបតីម្តងទៀត តែលុះដល់ គ.ស. ១៨៦៥ ក៏ត្រូវឃាតករឈ្មោះ John Wilkes Booth បាញ់ស្លាប់នៅក្នុងរោងល្ខោន។ លិនខល៍ន អនិច្ចកម្មក្នុងជន្មាយុ ៥៦ ឆ្នាំ។
នេះជារឿងរ៉ាវដោយខ្លីបំផុតដែលអាចនាំយកមកពោលក្នុងទីនេះដែលមិនបានតាំងចិត្តឲ្យជាជីវប្រវត្តិពិត តែត្រូវការសិក្សាអំពីលក្ខណៈរបស់មនុស្ស និងមធ្យោបាយតស៊ូជីវិត ដូច្នេះតទៅនេះ នឹងរើសរើសយកតែរឿងខ្លីៗដែលគួរសិក្សា មកពោលជារឿងៗ ដោយចាត់ទុកថារឿងខ្លីៗ ទាំងនេះជាមេរៀនដែលយើងចង់សិក្សាក្នុងទីនេះ។
ក្រុងវ៉ាស៊ិនតោន ដែលជាទីក្រុងដ៏ស្រស់ស្អាតក្នុងបច្ចុប្បន្ន ជាទីក្រុងធំរបស់មហាប្រទេសដែលស្តុកស្តម្ភបំផុតក្នុងពេលនេះ សម័យលិនខល៍នកាលពី ១០០ ឆ្នាំមកហើយមានសភាពខុសគ្នាឆ្ងាយ។ លិនខល៍នបានសរសេរទុកថាក្រុងវ៉ាស៊ិនតោនក្នុងសម័យដែលគេមកឃើញនោះ ជាក្រុងស្មោកគ្រោក ថ្នល់តូចធំមិនមានរបៀប មានប្រជាករទាំងអស់ត្រឹម ៤ ហ្មឺន ជាជនជាតិអាមេរិក ៣ ហ្មឺន ជនជាតិស្បែកខ្មៅដែលមិនមែនជាទាសករ ៨ ពាន់ ហើយនឹងជាជនជាតិស្បែកខ្មៅដែលជាទាសករប្រមាណ ២ ពាន់ ក្នុងរដូវរងាក៏រងា លុះដល់រដូវក្តៅក៏សើមនិងមានគ្រុនចាញ់ពាសពេញ។ ការធ្វើដំណើរក្នុងពេលនោះយ៉ាងល្អបំផុតហើយលឿនបំផុតក៏ត្រឹមរទេះសេះ នៅមិនទាន់មានយានយន្តពាហនៈដទៃទៀត រទេះសេះសម្រាប់ធ្វើ
ដំណើរនោះ មិនអាចជួលធ្វើដំណើរម្នាក់ឯងបាន ព្រោះមានតម្លៃថ្លៃណាស់ រទេះសេះចេញដំណើរដូចឡានក្រុង ជួបអ្នកដំណើរកន្លែងណា បើនៅមានកន្លែងទំនេរក៏ទទួលបានទៀត។
ហើយរឿងដែលនឹងនាំយកមកពោលជាដំបូងនេះ ក៏ទាក់ទងនឹងការធ្វើដំណើររបស់លិនខល៍នចូលមកទីក្រុងវ៉ាស៊ិនតោនដោយរទេះសេះ ជារឿងសម្តែងលក្ខណៈខ្លះៗ របស់លិនខល៍នដែលយើងគួរសង្កេត។
គ្រាមួយ លិនខល៍នធ្វើដំណើរមកជាមួយនឹងសុភាពបុរសម្នាក់ ដែលមិនធ្លាប់ស្គាល់គ្នាពីមុនមក តែមានអាកប្បកិរិយាជាមនុស្សវណ្ណៈខ្ពស់និងស្តុកស្តម្ភ ពេលបានស្គាល់គ្នានិងសន្ទនាគ្នាមកតាមដងផ្លូវ ទើបបានដឹងថាជាមនុស្សដែលធ្លាប់ត្រេចចរមកជាច្រើនកន្លែងហើយមានរបស់ល្អជាច្រើននៅក្នុងហោប៉ៅ មានសរសៃថ្នាំវើជិនៀ ដែលល្បីថាជាដែនដីសក្តិសិទ្ធបានឲ្យថ្នាំជក់ដ៏ល្អវិសេស តែពេលនោះមិនបានទល់ថ្នាំរឺទំពារថ្នាំទេ ដូចស្រុកយើងទំពារស្លា នរណាមានវើជិនៀទំពារគឺជាមនុស្សស្តុកស្តម្ភរឺទាន់សម័យ នៅក្នុងសង្គមថ្នាក់ខ្ពស់។
ពេលន្ទនាគ្នាបានបន្តិច មិត្តរួមដំណើរក៏បើកប្រអប់ដ៏ស្រស់ស្អាតហុចឲ្យលិនខល៍ន
"ទំពារថ្នាំវើជិនៀបន្តិចទៅហី" មិត្តរួមដំណើរម្នាក់នោះនិយាយ
"អគុណ" លិនខល៍នតប "តែខ្ញុំមិនធ្លាប់ទំពាថ្នាំឡើយ"
ដើរទៅបានបន្តិចទៀត មិត្តរួមដំណើរម្នាក់នោះក៏ដកស៊ីការ៍ហាវ៉ាណា ដែលជាស៊ិការ៍ល្អបំផុតនិងថ្លៃបំផុតហុចឲ្យលិនខល៍ន។
"អគុណ" លិនខល៍នតប "ខ្ញុំមិនដែលជក់បារីឡើយ"
មិត្តរួមដំណើរម្នាក់នោះក៏ជក់ស៊ីការ៍របស់ខ្លួនតែម្នាក់ឯង។ ក្នុងការធ្វើដំណើរតមកទៀត មិត្តរួមដំណើរបានបើកហិបដែលធ្វើដោយប្រាក់ មានដបស្រាប្រាន់ឌីពីប្រទេសបារាំង មានតម្លៃថ្លៃណាស់ក្នុងសម័យនោះ។
"ទទួលទានប្រាន់ឌីបារំាំងបន្តិចលមើល" មិត្តរួមដំណើរពោល
"អគុណ" លិនខល៍នតប "ខ្ញុំមិនដែលញ៉ាំសុរាឡើយ"
មិត្តរួមដំណើរសើច គឺសើចឃើញថាជារឿងថ្លុកកំប្លែងមែនទែនតែម្តង។
"នែ!" មិត្តរួមដំណើរពោល "ខ្ញុំធ្វើដំណើរមកទួទាំងពិភពលោក ស្គាល់មនុស្សមកជាច្រើនទាំងប្រុសទាំងស្រី គ្រប់ស្រទាប់វណ្ណៈ ហើយខ្ញុំសង្កេតបានចំណេះដឹងមកម្យ៉ាង"
"អ្វីទៅ?" លិនខល៍នសួរដោយយកចិត្តទុកដាក់
"គឺថា" មិត្តរួមដំណើរអធិប្បាយ "មនុស្សដែលមានផ្លូវខូចតិចបំផុត (បានដល់ការមិនទំពាថ្នាំមិនជក់បារី មិនផឹកសុរា) ក៏មានផ្លូវល្អ ផ្លូវឆ្លាត តិចបំផុតដូចគ្នា"
ពាក្យសម្តីដូច្នេះ ជាការប្រមាថមើលងាយ ជាការអួតខ្លួន ជាការសម្តែងចេញមកយ៉ាងគួរឲ្យស្អប់ បើជាអ្នកដទៃគឺត្រូវតែខឹង តែលិនខល៍នធ្វើដូចជារឿងកំប្លែង គេសើចយ៉ាងខ្លាំងដូចគ្នានឹងមិត្តរួមដំណើររបស់គេ ហើយនិយាយថាៈ-
"ជាគតិដ៏ល្អណាស់ ខ្ញុំនឹងមិនភ្លេចគតិមួយនេះ ហើយនឹងនាំទៅនិយាយឲ្យមិត្តៗ របស់ខ្ញុំស្តាប់តទៅ"
ហើយអ្នកទាំងពីរក៏សន្ទនាគ្នាដោយរីករាយមករហូតផ្លូវ ហើយលិនខល៍នក៏បានបុគ្គលនោះជាមិត្តល្អម្នាក់ទៀតដែលពេលក្រោយលិនខល៍នឡើងកាន់ភាពរុងរោចន៍ហើយ បុគ្គលម្នាក់នេះក៏បានជួយគាំទ្រសេចក្តីល្អរបស់លិនខល៍នជាច្រើន។
រឿងមួយទៀតជារឿងធ្វើដំណើរដូចគ្នា អ្នកសរសេររឿងនេះឈ្នោះនេលសាន់ (ThomasH. Nelson) ជាអ្នកធំម្នាក់គេសរសេរទុកថា គ្រាមួយខ្លួនគេជាមួយចៅក្រមហែមម៉នត៍ចេញដំណើរពីតែរ៍អូត ដើម្បីទៅកាន់ឥណ្ឌាណាផូលិស ដែលតាមធម្មតាក៏ត្រូវប្រើពេលធ្វើដំណើរមួយថ្ងៃពេញ លុះអារុណោទ័យ ក៏មានយានជំនិះមកពីខាងបស្ចិមទិស ពួកគេទាំងពីរក៏ឡើងទៅលើយានជំនិះ។
ក្នុងយានជំនិះនោះ គេបានឃើញបុរសម្នាក់ដេកលក់នៅកៅអីអង្គុយខាងក្រោយ ខ្លួនវែងខាងក្បាលហាក់ដូចនឹងធ្លុះទៅម្ខាង ហើយខាងជើងក៏នឹងធ្លុះចេញទៅម្ខាងយានជំនិះ ចៅក្រមហែមម៉នសន្សឹមៗ យកដៃទៅស្ទាបស្មារបស់គេ ដាស់គេឡើងដោយសុភាព សួរគេថា គេបានជួលកៅអីខាងក្រោយនេះទាំងអស់រឺទេ។ គេប្រាប់ថាអត់ទេ ហើយភ្លាមនោះគេក៏ក្រោកឡើងអញ្ជើញឲ្យអ្នកទាំងពីរទៅអង្គុយកៅអីខាងក្រោយ ដែលជាកៅអីកិត្តិយស ជាកន្លែងផាសុខភាពជាង ចំណែកខ្លួនឯងទៅអង្គុយកៅអីខាងមុខ ដែលមានផាសុខភាពតិចជាងខាងក្រោយ។
ណែលសាន់សរសេរតទៅទៀតថា បានពិចារណាមើលមនុស្សម្នាក់នេះ ក៏មានអារម្មណ៍ថាជាមនុស្សចម្លែកគ្រឿងសម្លៀកបំពាក់ចាស់ៗ មិនសមរូបសមរៀង បានន័យថាទិញរបស់ដែលធ្វើទុករួចហើយមកប្រើ មិនបានកាត់ថ្មីឲ្យសមនឹងរូប មិនមានអាវកាក់ មិនមានក្រវាត់ក និងប្រើមួកដែលគេស្គាល់ថា មានតម្លៃត្រឹម ២៥ សេនមើលទៅហាក់ដូចជាមនុស្សល្ងង់ខ្លៅ មិនមានអ្វីអូសទាញចិត្តឲ្យកើតការនិយមចូលចិត្ត តែលុះបានសន្ទនាគ្នាក៏មានអារម្មណ៍ថាគេជាមនុស្សពូកែនិយាយមានរឿងរ៉ាវនិងពាក្យពេចន៍ដែលធ្វើឲ្យអ្នកស្តាប់អស់សំណើចហើយរឿងកំប្លែងផ្សេងៗ ដែលគេនាំមកនិទានក៏ទាក់ទងនឹងរឿងល្ងង់ខ្លៅ សេចក្តីកំសាករបស់គេនោះឯង គេធ្វើឲ្យទាំងពីរនាក់បានទទួលសេចក្តីរីករាយ ដោយសុខចិត្តខាតទុននិយាយរឿងល្ងង់ខ្លៅរបស់ខ្លួនឯង។
ពេលថ្ងៃត្រង់ យានជំនិះឈប់នៅកន្លែងមួយ ដែលត្រូវទទួលទានអាហារថ្ងៃត្រង់ អ្នកទាំងពីរបានអញ្ជើញបុរសខ្លួនវែងម្នាក់នោះទទួលទានអាហារជាមួយ ដើម្បីតបស្នងអធ្យាស្រ័យដែលគេឲ្យទីអង្គុយយ៉ាងសប្បាយ ក្នុងយានជំនិះ។ គេទទួលអញ្ជើញដោយអាកប្បកិរិយាហាក់បានទទួលនូវកិត្តិយសហួសប្រមាណ ចូលមកអង្គុយនៅឯតុអាហារយ៉ាងស្ងប់ស្ងៀម ហើយមួកតម្លៃ ២៥ សេននោះគេក៏ត្បៀតទុកនៅដៃ។
រវាងទទួលទានអាហារ ទាំងពីរនាក់ក៏សន្ទនាគ្នាពីរឿងផ្កាយដុះកន្ទុយ ដែលជារឿងគួរឲ្យចាប់អារម្មណ៍ណាស់សម្រាប់អ្នកវិទ្យាសាស្ត្រសម័យនោះ បុរសខ្លួនវែងម្នាក់នោះសម្តែងកិរិយាចាប់អារម្មណ៍យ៉ាងខ្លាំង គេតាំងចិត្តស្តាប់ដូចរឿងដែលគេមិនធ្លាប់ឮមិនធ្លាប់ដឹងពីមុនមកចឹង ហើយនៅទីបំផុតគេក៏សួរឡើងថា លទ្ធផលដែលផ្កាយដុះកន្ទុយចូលមកជិតផែនដីនោះ នឹងមានអ្វីខ្លះណែលសាន់ក៏តបថា មានជំនឿថា បើផ្កាយដុះកន្ទុយចូលមកជិតផែនដីពិតមែន ល្បឿនរបស់ផ្កាយដុះកន្ទុយនឹងស្រូមយកផែនដីឲ្យតាមទៅជាមួយដែរ ហើយបើផែនដីធ្វើដំនើរលឿន ស្មើនឹងល្បឿនរបស់ផ្កាយដុះកន្ទុយ ភាវៈរស់នៅលើភពផែនដីនឹងស្លាប់ទាំងអស់។
ពេលព្រលប់ក៏ទៅដល់ឥណ្ឌាណាផូលិស ដែលជាទីក្រុងធំ ណែលសាន់ជាមួយចៅក្រមហែមម៉នចូលសម្រាកនៅសណ្ឋាគារធំមួយកន្លែង ចំណែកបុរសខ្លួនវែងនោះបាត់មុខទៅ មិនដឹងថាគេទៅសម្រាកនៅទីកន្លែងណាតែពេលណែលសាន់ផ្លាស់សម្លៀកបំពាក់ហើយចុះមកបន្ទប់អាហារក៏ជួបបុរសខ្លួនវែងនោះតែងខ្លួនហាក់ដូចជាមនុស្សម្នាក់ផ្សេងពីមនុស្សនៅពេលថ្ងៃ គឺចោមរោមទៅដោយបុគ្គលសំខាន់ និងមន្ត្រីរាជការអ្នកធំរបស់ទីក្រុងឥណ្ឌាណាផូលិស រហូតដល់អគ្គនាយកចៅក្រមតុលាការក្នុងទីក្រុងនោះ ណែលសាន់ចម្លែកចិត្តណាស់ព្រោះគេស្គាល់មនុស្សដទៃៗទាំងអស់ លើកលែងបុរសខ្លួនវែងម្នាក់នេះ ទើបសួរម្ចាស់សណ្ឋាគារ ទើបបានដឹងថាបុរសខ្លួនវែងម្នាក់នោះគឺ អាប់ប្រាហ័មលិនខល៍នសមាជិកនៃរដ្ឋសភាខងក្រេស។
ណែលសាន់សរសេរថា គេមានអារម្មណ៍ហាក់ត្រូវរន្ទះបាញ់ ព្រោះទាំងខ្លួនគេហើយនឹងហែមម៉នក៏ជាអ្នករាជការ ការមិនស្គាល់បុគ្គលសំខាន់ដល់ថ្នាក់ជាសមាជិកសភាខងក្រេសនោះយ៉ាងហោចណាស់ក៏ជារឿងគួរឲ្យអាម៉ាស់មុខ។ ក្នុងពេលនោះហែមម៉នក៏នៅមិនទាន់ចុះមកណែលសាន់ប្រញាប់ត្រឡប់ឡើងទៅប្រាប់ហែមម៉ន ហើយទាំងពីរនាក់ក៏ជញ្ជូនអីវ៉ាន់ចេញទ្វារក្រោយ គេចទៅសម្រាកនៅសណ្ឋាគារដទៃ។
រឿងនេះកើតឡើងនៅគ.ស. ១៨៤៩
តមកទៀត ១២ ឆ្នាំខណៈដែលលិនខល៍នកំពុងកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកណែលសាន់បានទទួលតំណែងជាអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសឈិលី ហើយត្រូវចូលជួបលិនខល៍ន។ លិនខល៍នឃើញនេលសាន់ ពាក្យដំបូងដែលគេនិយាយក៏គឺ
"ហ័លឡូ នេលសាន់ លោកនៅជឿទៀតរឺទេ ថាផ្កាយដុះកន្ទុយនឹងស្រូបយកផែនដីតាមទៅបាន"
ចំណែកហែមម៉ននោះ កាន់តែឆ្ងាយ ទៅបានជាសមុហទេសាភិបាលរដ្ឋឥណ្ឌាណា ក្នុងខណៈដែលលិនខល៍នមិនទាន់បានជាប្រធានាធិបតី ពេលលិនខល៍នបានជាប្រធានាធិបតី ហើយមានពត៌មានផ្លូវការថានឹងធ្វើដំណើរទៅកាន់រដ្ឋនោះ ហែមម៉នក៏ប្រញាប់លាលែងពីតំណែងក្នុងរយៈពេល ២-៣ ថ្ងៃមុនប្រធានាធិបតីលិនខល៍ននឹងទៅដល់ ព្រោះមិនហ៊ានប្រឈមមុខជាមួយនឹងប្រធានាធិបតី។
រឿងតទៅទាក់ទងនឹងតួនាទីមេធាវី គង់បានជ្រាបមកជាច្រើនហើយ ព្រោះអ្នកសរសេរប្រវត្តិលិនខល៍នគ្រប់គ្នាតែងសរសេរទុក តែក៏គួរនាំយកមករួបរួមទុកនៅក្នុងទីនេះផងដែរ។
ក្មេងកម្លោះម្នាក់ឈ្មោះ មែតស្តឺរ៍ជិះសេះមក ក្មេងកម្លោះម្នាក់ឈ្មោះវិលលៀមរឺដ័ហ្វ អាមស្ត្រងយកគ្រាប់ដែលធ្វើដោយកៅស៊ូ (ដែលយើងហៅថាគ្រាប់ចំពាមកៅស៊ូ) បាញ់ត្រូវគ្រាប់ភ្នែកខាងស្តាំរបស់មែតស្តឹរ៍ធ្លាក់ពីលើខ្នងសេះ ក្មេងកម្លោះម្នាក់ឈ្មោះ ណរ៍រិស យកឈើវាយក្បាលពីខាងក្រោយស្លាប់។
ចៃដន្យក្មេងកម្លោះវិលលៀម អាមស្រ្តង ដែលត្រូវបានចោទប្រកាន់ថាយកគ្រាប់កៅស៊ូបាញ់គ្រាប់ភ្នែករបស់អ្នកស្លាប់នោះ ជាកូនរបស់នាយចែក អាមស្រ្តង អ្នកស្រុកញិវសាលេម មិត្តចាស់របស់លិនខល៍នកាលពីខ្លួននៅក្រីក្រ។ លិនខល៍នធ្លាប់ទៅសុំគេអាស្រ័យនៅហើយបានអាហារទទួលទានក្នុងពេលខ្លះទៀតផង វិលលៀមអាមស្ត្រង អនិច្ចកម្មទៅយូរហើយ ក្នុងពេលកើតក្តីរឿងនេះនៅសល់តែមាតា។ ដោយរលឹកនឹកដល់បុណ្យគុណដែលក្រុមគ្រួសារនេះធ្លាប់មានចំពោះខ្លួនពីមុនមក ទើបលិនខល៍នចូលជួយកាពាររឿងក្តីឲ្យ។
សាក្សីខាងអយ្យការចោទ ដែលចាត់ថាជាសាក្សីមានទម្ងន់បំផុតនោះ ឈ្មោះឆាល អែលលេនដែលឲ្យការក្នុងថ្នាក់ស៊ើបអង្កេតនឹងថ្នាក់តុលាការត្រូវគ្នាគ្មានខុសឆ្គងបន្តិច។ បុគ្គលម្នាក់នេះបានឲ្យការថា នៅពេលយប់ពន្លឺព្រះច័ន្ទភ្លឺស្វាង គេបានឃើញយ៉ាងច្បាស់ថា អាមស្រ្តងបានប្រើចំពាមកៅស៊ូបាញ់អ្នកស្លាប់ ហើយណរ៍រិសយកឈើវាយក្បាលពីក្រោយ ពាក្យឲ្យការរបស់គេជាក់លាក់ច្បាស់លាស់ណាស់។
អ្នកសរសេររឿងវគ្គនេះឈ្មោះវ៉ូលមែន សរសេរទុកថា ក្នុងខណៈស្តាប់ពាក្យឲ្យការរឿងនេះលិនខល៍នមកអង្គុយផ្អែកនៅកៅអី ងើយមុខមើលទៅពិតាន ខដែលគួរកង្វល់ខ្លាំងគឺ ក្នុងរឿងក្តីនេះពួកទីប្រឹក្សាតុលាការគឺជូរី សុទ្ធតែជាមនុស្សកម្លោះទាំងអស់ មិនដឹងថាជាចៃដន្យអ្វី ទីប្រឹក្សាគ្រប់គ្នាមានអាយុមិនលើស ៣០ ឆ្នាំ។ទីប្រឹក្សាស្របាលនេះច្រើនកាត់ក្តីងាយៗ ហើយច្រើនកាត់ក្តីទៅខាងឲ្យដាក់ទោសចម្លើយ ផ្លូវដែលនឹងជួយចម្លើយមានតិចពេញទំហឹង មនុស្សទាំងឡាយមើលទៅលិនខល៍ន តែមុខមាត់ឫកពារបស់គេមិនធ្វើឲ្យយល់បានឡើយថា គេអស់សង្ឃឹមរឺមានសង្ឃឹមប៉ុណ្ណា គេសាកសួរសាក្សីម្នាក់នេះយ៉ាងយឺតៗ តែនៅទីបំផុតក៏មកដល់វគ្គសំខាន់។
"លោកបានឃើញការធ្វើអំពើអាក្រក់នោះមែនរឺ?" លិនខល៍នសួរអែលលេនសាក្សីឯកនោះ។
"បានឃើញពិតមែន" អែលលេនតប។
"ល្អណាស់ លោកឈរនៅទីណាក្នុងវេលានោះ"
"ក្នុងចម្ងាយប្រហែលមួយរយហាសិបហ្វ៊ីត ពីកន្លែងប្រហារគ្នា"
លិនខល៍នសុំឲ្យសាក្សីអធិប្បាយលក្ខណៈអាវុធ ដែលប្រើក្នុងអំពើអាក្រក់នោះម្តងទៀត សាក្សីក៏អធិប្បាយត្រូវច្បាស់លាស់ តាមដែលបានឲ្យការមកហើយក្នុងគ្រាមុនៗ ។
"ហេតុការណ៍កើតឡើងក្នុងពេលណា?" លិនខល៍នសួរ។
"ម៉ោងដប់មួយយប់ពាក់កណ្តាលអាធ្រាត" អែលលេនតប។
"ធ្វើដូចម្តេចទើបលោកអាចមើលឃើញ ក្នុងចម្ងាយដល់ទៅមួយរយហាសិបហ៊្វីត ក្នុងវេលាម៉ោងដប់មួយយប់ដូច្នេះ?"
"យប់នោះព្រះច័ន្ទភ្លឺច្បាស់ណាស់"
"ជារាត្រីព្រះច័ន្ទពេញវង់រឺ?"
"ព្រះច័ន្ទពេញវង់" សាក្សីតប។
"ព្រះច័ន្ទនៅខ្ពស់ប៉ុណ្ណា?"
"នៅខ្ពស់ណាស់"
"បើប្រៀបជាមួយព្រះអាទិត្យពេលថ្ងៃ អាចជាពេលវេលាម៉ោងប៉ុន្មានទៅ?"
"ប្រហែលម៉ោងដប់ព្រឹក"
"បានន័យថា ក្នុងរាត្រីកើតហេតុនោះម៉ោងដប់មួយយប់ ដួងព្រះច័ន្ទមានខ្នាតស្មើគ្នានឹងដួងព្រះអាទិត្យវេលាម៉ោងដប់ព្រឹក មែនទេ?"
"ពិតប្រាកដណាស់" សាក្សីឆ្លើយតប
លិនខល៍នសុំបើកបតិទិនពីសារការី ជាបតិទិនប្រាប់ល្អិតរឿងខ្នើតរនោចហើយនឹងលក្ខណៈរបស់ដួងច័ន្ទក្នុងមួយរាត្រីៗ ទៅផងដែរ។ ថ្ងៃកើតហេតុគឺថ្ងៃទី ២៩ សីហាជាថ្ងៃដែលព្រះច័ន្ទមិនអាចពេញវង់បាន លក្ខណៈរបស់ព្រះច័ន្ទដែលប្រាប់ក្នុងបតិទិនយប់នោះ លុះចូលព្រលប់នឹងឃើញព្រះច័ន្ទត្រឹមមួយភាគបួនខាងបស្ចឹមទិស លុះដល់ម៉ោង ១១ យប់ក៏នឹងលិចបាត់ទៅតែម្តង និយាយតាមវិធីស្រុកយើងក៏គឺថា នៅចុងខែសីហានោះជាខាងខ្នើតខែដប់ហើយអាចជារាត្រី ៤ កើតរឺ ៥ កើតដែលអាចឃើញព្រះច័ន្ទនៅទិសខាងលិចបន្តិច រួចហើយក៏លិចបាត់ទៅ គ្មានផ្លូវដែលព្រះច័ន្ទនឹងពេញវង់ រឺ អាចភ្លឺស្មើព្រះអាទិត្យនៅវេលាម៉ោង ១០ ព្រឹកបានឡើយ ហើយប្រាកដណាស់ថា ក្នុងវេលាម៉ោង ១១ យប់ថ្ងៃកើតហេតុនោះត្រូវតែងងឹតកុំថាឡើយនរណានៅដល់ទៅ ១៥០ ហ៊្វីតទោះបីនៅត្រឹម ៥០ ហ៊្វីតក៏មើលឃើញច្បាស់ដូច
ដែលបានឲ្យការនោះមិនបានឡើយ។
លិនខល៍នបានសុំអាងបតិទិននោះជាសាក្សី ហុចបតិទិនឲ្យដើមចោទ ឲ្យតុលាការនិងទីប្រឹក្សាពិចារណា ទឹកមុខញញឹមបានមានឡើងក្នុងក្រុមពួកទីប្រឹក្សា អ្នកខ្លះក៏ញាក់ចិញ្ចើមសម្តែងការយល់ស្របជាមួយលិនខល៍ន ហើយលិនខល៍នក៏សុំស៊ើបសួរសាក្សីខាងខ្លួនសាក្សីដែលអាចអះអាងថា ក្មេងកម្លោះអាមស្ត្រងជាមនុស្សមានព្រឹត្តិកម្មរៀបរយគ្រប់ពេលវេលា។ សាក្សីដែលឃើញមេតស្តឺរ៍ធ្លាក់ពីលើសេះ សាក្សីពេទ្យដែលឲ្យការថា របួសដែលកើតពីការធ្លាក់ពីលើសេះដូច្នោះ អាចបណ្តាលឲ្យស្លាប់បានដូចគ្នា។ សាក្សីសំខាន់បំផុតរបស់ដើមចម្លើយ គឺក្មេងកម្លោះម្នាក់ឈ្មោះអតគិនស៍ឲ្យការថា គ្រាប់កៅស៊ូនោះមិនមែនជារបស់ក្មេងកម្លោះអាមស្ត្រងឡើយ តែជារបស់ខ្លួនឯង ក្នុងរាត្រីកើតហេតុ គេមិនបាននៅទីនោះទេនៅកន្លែងដទៃ ហើយគ្រាប់កៅស៊ូនោះក៏នៅជាមួយនឹងខ្លួនគ្រប់ពេលវេលា ព្រលឹមឡើងទើប
ខ្លួនទៅភ្លេចនៅជិតកន្លែងកើតហេតុ ហើយចៃដន្យអាជ្ញាធរមានសមត្ថកិច្ចបានទៅជួប។
តពីនោះ ក៏មកដល់ការថ្លែងសេចក្តីបញ្ចប់ ដែលអ្នកសរសេររឿងរ៉ាវក្នុងវគ្គនេះអះអាងថាការថ្លែងសេចក្តីបញ្ចប់របស់លិនខល៍នក្នុងរឿងក្តីនេះ ជាវាទកោសល្យដ៏ពិរោះបំផុតមួយរឿងក្នុងជីវិតរបស់លិនខល៍ន។ គេប្រាប់ឲ្យដឹងថា គេការពាររឿងក្តីនេះ ដោយមិនមានថ្លៃឈ្នួលតែគេធ្វើឲ្យទទេដើម្បីភាពយុត្តិធម៌ ហើយការប្រព្រឹត្តល្អរបស់ក្រុមគ្រួសារនេះដែលគេស្គាល់មកតាំងពីតួច ឳពុកស្លាប់ទៅហើយ នៅសល់តែម្តាយហើយនឹងកូនប្រុសបើទីប្រឹក្សាយកសាក្សីខុសទៅដាក់ទោសក្មេងកម្លោះដែលគ្មានកំហុស មិនត្រឹមតែអយុត្តិធម៌ប៉ុណ្ណោះទេថែមទាំងជាការដាក់ទោសក្រុមគ្រួសារដែលគ្មានកំហុសផងដែរ។ គេចង្អុលឲ្យទីប្រឹក្សាមើលមាតារបស់អាមស្រ្តងដែលកំពុងអង្គុយចាំមើលថាកូននឹងរស់រឺនឹងស្លាប់ គេពណ៌នាដល់
សភាពរបស់មាតា ដែលកូនធ្លាក់នៅក្នុងអន្តរាយ ក្នុងរវាងការដោះលែង និងការប្រហារជីវិតជាការភ្ជង់បេះដូងរបស់ពួកទីប្រឹក្សាកម្លោះៗ ឲ្យនឹកដល់មាតារបស់ខ្លួន។ លិនខល៍នឯងពេលថ្លែងការទឹកភ្នែករបស់គេក៏ហូរចេញមក ធ្វើឲ្យពួកទីប្រឹក្សាម្នាក់ៗ ធ្លាក់ទឹកភ្នែកដែរ។ ទីប្រឹក្សាបានចុះមតិស្របគ្នាជាឯកឆន្ទថា ក្មេងកម្លោះអាមស្ត្រងគ្មានកំហុស ហើយតុលាការក៏ដោះលែងក្នុងល្ងាចថ្ងៃនោះឯង។
មុននឹងឆ្លងទៅដល់រឿងផ្សេង យើងនឹងបានសិក្សាជីវិតផ្ទាល់ខ្លួន ជីវិតប្រចាំថ្ងៃរបស់លិនខល៍នក្នុងពេលដែលបានរុងរោចន៍តាមល្មមសមគួរ។
ពេលបានជាសមាជិកសភាខងក្រេស មានដីនិងផ្ទះសម្បែងជារបស់ខ្លួនឯង ជាសម័យដែលតាំងខ្លួនបានហើយគឺមានផ្ទះពីរជាន់យ៉ាងរៀបៗ ជាផ្ទះឈើ។ ពាក្យថា"រៀបៗ" សមណាស់ក្នុងការប្រើជាមួយផ្ទះរបស់លិនខល៍នដែលមានរួបបោះពុម្ភរួបថតមាននៅរហូតដល់បច្ចុប្បន្ននេះ ប្រើផ្ទៃដីមិនច្រើន ចាក់ដីខ្ពស់ឡើងប្រហែល ១ម៉ែត្រធ្វើរបងព័ទ្ធជុំវិញ រួចហើយសាងផ្ទះឈើពីជាន់ ហើយរៀបៗ ពិតមែន មិនមានប្រដាប់ប្រដារឺតាក់តែងខ្ជះខ្ជាយតែក៏នៅក្នុងលក្ខណៈដែលល្អ មើលឃើញបង្អួច ៥ បង្អួចពីខាងមុខ បានន័យថាបានបែងជាពីរបន្ទប់ក្នុងមួយជាន់ ហើយមានបន្ទប់ធំនៅកណ្តាល មិនមានដើមឈើនៅក្នុងផ្ទះ។ អ្នកសរសេរប្រវត្តិរបស់លិនខល៍នពោលថា លិនខល៍នមានសេចក្តីព្យាយាមធ្វើអ្វីមិនដែលទុកចោល លើកលែងតែម្យ៉ាងគឺការដាំដើមឈើរឺផ្កាក្នុងផ្ទះ គេខ្វល់ខ្វាយតែបន្តិចហើយក៏ទុកចោលជាយូរក្រៀមស្វិតស្លាប់អស់ លុះយូរបន្តិចក៏ចាប់ផ្តើមយកចិត្តទុកដាក់រឿងសួនច្បារម្តងទៀតហើយក៏បណ្តោយឲ្យក្រៀមស្វិតស្លាប់អស់ទៀត។
តែការងារម្យ៉ាងដែលមិនព្រមទុកចោល គឺការពុះឧស ក្នុងកំឡុងពេលកាន់តំណែងប្រធានាធិបតីប៉ុណ្ណោះដែលលិនខល៍នសម្រាកពុះឧសដោយខ្លួនឯង។ រឿងឧសនេះត្រូវការប្រើច្រើនណាស់ ព្រោះការធ្វើអាហារក្នុងពេលនោះ នៅមិនទាន់មានមធ្យោបាយដទៃក្រៅពីឧស ក្រៅពីការដណ្តាំបាយ បើជារដូវរងា ក៏ត្រូវប្រើឧសដើម្បីសេចក្តីកក់ក្តៅក្នុងផ្ទះពេញមួយថ្ងៃ។ ការងារពុះឧសប្រើក្នុងផ្ទះនេះ លិនខល៍នធ្វើដោយខ្លួនឯងជានិច្ចមិនប្រាកដថាធ្វើដើម្បីហាត់ប្រាណរឺធ្វើដើម្បីសន្សំសំចៃ តែឧសដែលប្រើប្រចាំថ្ងៃក្នុងផ្ទះ
នោះ គេតែងពុះខ្លួនឯងជានិច្ច។ មិត្តជិតខាងម្នាក់ឈ្មោះវេបប៊ើរ៍ និយាយឲ្យអ្នកសរសេរប្រវត្តិស្តាប់ថា នៅរាត្រីមួយប្រហែលម៉ោងមួយយប់ គេបានឮសម្លេងពុះឧសក្នុងផ្ទះរបស់លិនខល៍ន គេចុះទៅមើលឃើញលិនខល៍នកំពុងពុះឧស ពេលស្រែកសួរថា ហេតុអ្វីពុះឧសនៅពេលយប់អាធ្រាតដូច្នេះ លិនខល៍នតបថាមានការងារប្រញាប់ដែលត្រូវធ្វើនៅកន្លែងធ្វើការ រហូតដល់កណ្តាលអាធ្រាត ទើបត្រឡប់មកដល់ផ្ទះហើយត្រូវពុះឧសជាមុន។
តាមធម្មតាលិនខល៍នមិនចូលចិត្តក្មេង តែក៏ស្រឡាញ់កូនរបស់ខ្លួនខ្លាំងណាស់ ភាពជាស្វាមីនិងជាបិតាមិនមានអ្វីឲ្យតិះដៀលបាន អ្នកបម្រើក្នុងផ្ទះបានប្រាប់អ្នកសរសេរប្រវត្តិលិនខល៍ន តាំងពីមកនៅជាមួយលិនខល៍នមិនដែលបានឮលិនខល៍នសម្លុតគម្រាមនរណាដោយពាក្យសម្តីគ្រោតគ្រាត។ រឿងចម្លែករបស់លិនខល៍ន (ចម្លែកសម្រាប់ជនជាតិអាមេរិក)គឺពេលអានសៀវភៅ ចូលចិត្តដេកសណ្តូកលើក្តា មិនចូលចិត្តអានលើកៅអី រឺលើគ្រែដេកបើបានសៀវភៅដែលចូលចិត្តខ្លាំងមកអាន ក៏ស្រវាចាប់ខ្នើយយកទៅដេកសណ្តូកលើក្តាអានសៀវភៅនោះ ហើយចូលចិត្តអានខ្លាំងៗ ដែលជានិស្ស័យជាប់តាមមកតាំងពីសម័យទន្ទេញតម្រាច្បាប់។
លិនខល៍នជាមនុស្សដេកតិច បើមិនមែនចូលដេកយប់ជ្រៅរឺនឿយហត់មកខ្លាំងហើយនោះក៏មិនព្រមដេកពួនពេញមួយយប់ ចូលចិត្តភ្ញាក់ឡើងពេលយប់ជ្រៅ ក្រោកចេញពីបន្ទប់ដេកចូលទៅបន្ទប់សៀវភៅហើយក៏អានសៀវភៅខ្លាំងៗ ទោះយប់អាធ្រាតយ៉ាងណាក្តី។
លិនខល៍នមិនចូលចិត្តពាក់អាវ បើជារដូវក្តៅ ក៏តែងតែនៅផ្ទះដោយមិនពាក់អាវ ជួនកាលក៏ចុះទៅទទួលទាននៅបន្ទប់អាហារដោយមិនពាក់អាវ ដែលជាហេតុឲ្យភរិយាក្រោធខឹងជាញឺកញយ ព្រោះភរិយាជាមនុស្សមានរបៀបក្នុងការតែងកាយ និងពិធីផ្សេងៗ។
លិនខល៍នមានបុត្រ ៣ នាក់ ជាប្រុសទាំងអស់ ពីរនាក់បានស្លាប់តាំងពីក្មេង សល់ម្នាក់ដែលនៅរហូតដល់ធំតែក៏មិនឆ្លៀវឆ្លាត រឺមានការរីកចម្រើនក្នុងជីវិតដូចឳពុកឡើយ។
រឿងទាំងនេះជាជីវិតក្នុងផ្ទះ តទៅនេះយើងនឹងសិក្សាជីវិតក្នុងតំណែងប្រធានាធិបតីបានបន្តិច។ ចហ៍ន ហេយ៍អ្នកដឹងរឿងរ៉ាវរបស់លិនខល៍នយ៉ាងជិតស្និទ្ធ ក្នុងពេលកាន់តំណែងប្រធានាធិបតី បានសរសេរទុកដូចតទៅនេះ។
ជីវិតប្រចាំថ្ងៃនៅសេតវិមាន កំឡុងពេលដែលលិនខល៍នជាប្រធានាធិបតីនោះ មានលក្ខណៈខុសប្លែកគ្នាពីជីវិតក្នុងពេលមុននិងក្នុងពេលក្រោយមក។ ក្នុងថ្ងៃដំបូងៗ ចាប់តាំងពីលិនខល៍នបានគ្រប់គ្រងតំណែង ក៏មានមនុស្សប្រសេចប្រសាចរត់សុំតំណែងតួនាទីជាច្រើន ដែលមិនធ្លាប់មានពីមុនមក អាចព្រោះលិនខល៍នជាប្រធានាធិបតីដែលប្លែកខុសពីអ្នកដទៃ ព្រោះឡើងមកពីឋានៈតូចទាបក្រីក្របំផុត កាលបើមនុស្សដូចលិនខល៍នអាចឡើងមកបាន មនុស្សឋានៈនេះក៏គិតថានឹងឡើងមកបានដូចគ្នាដែរ។ ចហ៍ន ហេយ៍សរសេរថា ពួកដែលមកសុំច្រើនបំផុតជាពួកលោភលន់ហើយឃើញតែប្រយោជន៍ផ្ទាល់ខ្លួន តែក៏មានដូចគ្នា ដែលមកសុំតំណែងព្រោះចេតនាផ្សេងៗគឺមនុស្សដែលមានធុរកិច្ចពាណិជ្ជកម្មផ្ទាល់ខ្លួន មានចំណូលច្រើនមានជីវិតល្អប្រសើរហើយនៅមកសុំតំណែងនៅជិតលិនខល៍ន ដែលឃើញបានច្បាស់ថា ចំណូលនិងប្រាក់ខែក្នុងតំណែងតិចជាងអាជីពដើមរបស់ខ្លួនទៀតពួកនេះចូលមកដោយចេតនាល្អពិត ចូលមកដោយប្រាថ្នានៅជិតលិនខល៍ន ដើម្បីជួយប្រយ័ត្នប្រយែង និងចាំជួយណែនាំ ព្រោះខ្លាច
លិនខល៍នភ្លាត់ផ្លាតក្នុងការបតិបត្តិតួនាទីដ៏សំខាន់មួយនេះ។
តែមានតិចគ្នាណាស់ដែលបានទទួលតំណែង ហើយទំរាំបានក៏ត្រូវរងចាំជាច្រើនសប្តាហ៍ពេលបានទទួលដឹងថាតំណែងពេញអស់ហើយមិនអាចដាក់បានទៀតពួកនោះក៏បាត់អស់ទៅ តែលុះកើតសង្គ្រាមស៊ីវិល រឿងបែបនោះក៏កើតឡើងជាថ្មីទៀត ហើយសេតវិមានរបស់ប្រធានាធិបតីក៏ពេញទៅដោយមនុស្សមករក។ ពួកខ្លះមកស្ម័គ្រជាមេទ័ព (មិនយកតំណែងពលទាហាន) ពួកខ្លះសុំអំណាចហៅកងទ័ពអាសារជាកងវរសេនាតូចកងវរសេនាធំហើយសុំឲ្យខ្លួនឯងជាអ្នកគ្រប់គ្រង ពួកខ្លះសុំដឹករបស់មកលក់ឲ្យកងទ័ព។ មួយពួកទៀតជាអ្នកប្រឌិតមកណែនាំឲ្យប្រធានាធិបតីប្រឌិតអាវុធយ៉ាងនោះយ៉ាងនេះ។ មួយពួកទៀតជាអ្នកពូកែគិតប្រាប់ថាមានគំនិតល្អវិសេស មានឧបាយឈ្នះសង្គ្រាមបានយ៉ាងរួសរាន់ គ្រាន់តែមកបង្ហាញគំនិតដល់ប្រធានាធិបតីប៉ុណ្ណោះមិនព្រមប្រាប់ដល់លេខាធិការរឺនរណាឡើយ ព្រោះគំនិតរបស់គេអស្ចារ្យសម្បើមណាស់។ មានមនុស្សជាច្រើនណាស់ដែលត្រូវការណែនាំយ៉ាងនោះយ៉ាងនេះដល់ប្រធានាធិបតីផ្ទាល់ រហូតដល់ពួកអ្នកនយោបាយនិងរដ្ឋបុរសក្នុងសភាខងក្រេសក៏ចាត់ទុកថាខ្លួនមានសិទ្ធិចូលជួបប្រធានាធិបតីនិងសម្តែងមតិជាពិសេសនឹងបានចូលជួបព្រមៗ គ្នាដើម្បីសំចៃពេលប្រធានាធិបតីក៏មិនចូលចិត្តទៀត គ្រប់គ្នាមានគំនិតវិសេសដែលត្រូវរក្សាទុកជាអាថ៌កំបាំងប្រាប់នរណាមិនបានក្រៅពីប្រធានាធិបតីម្នាក់ប៉ុណ្ណោះ។ ម្នាក់ៗ យល់ឃើញថាប្រធានាធិបតីមិនចាំបាច់ខូចពេលវេលាទៅជួបអ្នកដទៃឡើយ ជួបគេម្នាក់ឯងក៏គ្រប់គ្រាន់ហើយព្រោះគំនិតរបស់គេល្អជាងអ្នកដទៃទាំងអស់។ នេះជាការងារធ្ងន់បំផុតរបស់សេតវិមាន ធ្ងន់ធ្ងរជាងសង្គ្រាមស៊ីវិលដែលកំពុងកើតមានក្នុងពេលនោះទៅទៀត។
ប្រធានាធិបតីមិនអាចបដិសេធបានជារឿយៗ ទេ ទើបត្រូវប្រើវិធីទទួលព្រមៗ គ្នាជាក្រុមច្រើនៗហើយត្រូវកំណត់ពេលវេលាឲ្យបានច្បាស់លាស់។ លិនខល៍នភ្ញាក់ពីព្រលឹមទៅដល់កន្លែងធ្វើការម៉ោង ៨ ធ្វើការ ២ម៉ោង ហើយក៏ចេញមកទទួលភ្ញៀវនៅម៉ោង ១០ ដែលហៅថាភ្ញៀវនោះ គឺមនុស្សដែលប្រជ្រៀតគ្នាណែននៅក្នុងបន្ទប់ធំមួយ បែងជាច្រើនពួក។ ពួកមួយមិនមានធុរៈអ្វីឡើយ ក្រៅពីមកចាប់ដៃជូនពរជ័យ ពួកនេះរួចលឿននិងចេញទៅវិញភ្លាម។ មួយពួកទៀតជាពួកតឿនសតិ នាំយកសុភាសិតខ្លះ ពាក្យប្រៀនប្រដៅក្នុងគម្ពីរបៃប៊ើលខ្លះ មកនិយាយឲ្យស្តាប់មួយប្រយោគពីរប្រយោគ លុះលិនខល៍នរ៉ាប់រងថានឹងចងចាំទុកក៏នាំគ្នាចាកចេញទៅ។
តមក៏ដល់ពួកដែលធ្ងន់ គឺពួកដែលសុំការជួយសង្រ្គោះក្នុងរឿងនោះរឿងនេះ តែក៏ងាយបន្តិច គឺឲ្យលេខានុការអូសទៅទាក់ទងភ្នាក់ងារជារឿងៗ ទៅ។ នៅសល់ពួកដែលធ្ងន់បំផុត ចូលចិត្តអែបនៅជួរក្រោយ រងចាំឲ្យអ្នកដទៃចេញទៅអស់សិន លុះលិនខល៍នចូលមកជិត ហើយសួរថាមានធុរៈអ្វីក៏ប្រាប់ថារឿងសំខាន់ខ្លាំងណាស់ត្រូវនិយាយជាមួយប្រធានាធិបតីជាការសម្ងាត់ អ្នកដទៃឮមិនបានឡើយ។ ពួកប្រភេទនេះមានច្រើនណាស់ ហើយភាគច្រើនក៏មិនបានទទួលការពេញចិត្ត ព្រោះប្រធានាធិបតីប្រាប់ថា មិនមានពេលជជែកគ្នាបានឡើយលុះដល់ពេលកំណត់ហើយ ភ្នាក់ងារក៏អញ្ជើញចេញ ហើយពួកគេក៏ចេញទៅទាំងមិនពេញចិត្ត "ភ្ញៀវ" ប្រភេទនេះមានជារៀងរាល់ថ្ងៃ។
លិនខល៍នជាមនុស្សទទួលទានតិច រឿងសេចក្តីសុខសម្រាន្តក្នុងការទទួលទានអាហារនោះមិនមានសោះឡើយ អាហារពេលព្រឹកមានកាហ្វែមួយពែងជាមួយនឹងស៊ុតមួយ អាហារពេលថ្ងៃមាននុំប៉័ង ទឹកដោះមួយពែង ហើយនឹងផ្លែឈើតាមរដូវកាល អាហារពេលយប់អាចមានសាច់មានត្រីខ្លះ តែមិនច្រើនជាងពីរមុខទេ មិនផឹកស្រាឡើយ លើកលែងតែចាំបាច់ក្នុងពិធីការក៏ចិបវៃន៍បន្តិចល្មមជាពិធី។
ជិវិតរបស់ប្រធានាធិបតី មានការសម្រាកតិចបំផុត។ ការសម្រាកប្រចាំថ្ងៃមានត្រឹមជិះរទេះសេះឲ្យបរទៅកន្លែងផ្សេងៗ ប្រហែលមួយម៉ោងនៅពេលល្ងាច ហើយក៏ត្រឡប់មកទទួលទានអាហារល្ងាចនៅម៉ោង ៦ ថ្ងៃខ្លះទៅមើលល្ខោន តែមិនញឹកញយទេ ចូលចិត្តការសម្តែងបទល្ខោនរបស់ឆេកស្ពៀរ៍ វគ្គនេះមានរឿងមួយមកនិយាយគឺៈ-
ថ្ងៃមួយប្រធានាធិបតីលិនខល៍ន ទៅមើលល្ខោនបទរបស់ឆេកស្ពៀរ៍ សិល្បករម្នាក់ឈ្មោះហែកកេត(ប្រុស)ជាតួល្ខោនជើងចាស់សម្តែងបានល្អខ្លាំងណាស់ ប្រធានាធិបតីលិនខល៍នពេញចិត្ត ដល់ថ្នាក់ពេលត្រឡប់មកពីមើលល្ខោនវិញ ក៏សរសេរសំបុត្រទៅកោតសរសើរ។សិល្បករម្នាក់នោះបានទទួលសំបុត្រប្រធានាធិបតីក៏សប្បាយចិត្តណាស់ ចង់បង្អួតឲ្យខ្ចរខ្ចាយថាខ្លួនបានទទួលសំបុត្រកោតសរសើរពីប្រធានាធិបតី ទើបបញ្ជូនសំបុត្រនោះទៅឲ្យរោងពុម្ពកាសែត "New York Kerald" រោងពុម្ពកាសែតនោះបានចុះផ្សាយឲ្យ តែក៏សរសេរពាក្យកែខៃ(Comment) ចំអកចំអន់ប្រធានាធិបតី ហើយប្រើពាក្យសម្តីដែលធ្ងន់ធ្ងរទៀតផង។ ហែកកេតបានឃើញហើយក៏តក់ស្លត់ជាខ្លាំង សរសេរសំបុត្រទៅសុំអភ័យទោសពីប្រធានាធិបតី សម្តែងការខូចចិត្តថាខ្លួនបានធ្វើខុសឆ្គងទៅហើយ ក្នុងការបញ្ជូនសំបុត្ររបស់ប្រធានាធិបតីទៅឲ្យរោងពុម្ពកាសែត។
លិខល៍នមានសំបុត្រតបទៅវិញថា សុំឲ្យគេកុំមានកង្វល់ក្នុងរឿងនេះ។ ជាការពិតណាស់លិខល៍នមិនគិតថាសំបុត្រមួយច្បាប់នេះនឹងត្រូវបាន បញ្ជូនទៅឲ្យរោងពុម្ព តែក៏មិនមានសេចក្តីសៅហ្មងចិត្តអ្វី ការដែលការសែតសរសេរកែខៃទៅដូច្នោះ ក្នុងជីវិតប្រធានាធិបតីធ្លាប់ជួបប្រទះមក ទាំងសេចក្តីមេត្តានិងភាពឃោរឃៅ ទាំងការលើកតម្កើងនិងការចំអកចំអន់ប្រធានាធិបតីស៊ាំនិងហេតុការណ៍បែបនេះទៅហើយ ទើបសុំឲ្យហែកកេតកុំមានកង្វល់ក្នុងរឿងនេះឡើយ។
ក្រោយពេលទទួលទានអាហារពេលព្រលប់ហើយ លិខល៍នក៏ធ្វើការតទៅទៀត បើមានរដ្ឋបុរសថ្នាក់ខ្ពស់មកសន្ទនា លិខល៍នត្រូវនៅសន្ទនាជាមួយដោយក្រែងចិត្ត ក៏ច្រើនតែបបួលអានសៀភៅ គឺយកសៀវភៅរឿងអ្វីមួយមក អានខ្លាំងៗ ឲ្យបានស្តាប់ទាំងអស់គ្នា ចុងក្រោយអ្នកដែលមកសន្ទនាក៏ធុញលាត្រឡប់ទៅវិញខ្លួនឯងជាវិធីមួយដែលជួយឲ្យភ្ញៀវត្រឡប់ទៅវិញលឿន ហើយលិនខល៍នអាចមានពេលធ្វើការបាន។
ការងារដែលធ្វើឲ្យលិខល៍នបានទទួលការគោរពរាប់អាន គឺការបង្រ្កាបសង្រ្គាមស៊ីវិល និងលប់បំបាត់ឈប់ឲ្យមានទាសករបាន ធ្វើឲ្យសហរដ្ឋអាមេរិកដែលបែកខ្ញែកគ្នា ត្រឡប់មករួមគ្នាជាធ្លុងមួយ ដូច្នេះលិខល៍នឈ្មោះថាគឺជាអ្នកក្រាលគ្រឹះភាពឈានមុខដ៏អស្ចារ្យរបស់សហរដ្ឋអាមេរិក ដែលចាត់បានថាជាការងារសំខាន់ណាស់តែរឿងទាំងនោះហួសតួនាទីអត្ថបទនេះ ដែលមានបំណងអធិប្បាយត្រឹមរឿងរបស់ជីវិតតស៊ូ តែទោះយ៉ាងណាក៏ដោយកាលបើបានសិក្សារឿងរបស់លិនខល៍ន មកដល់ថ្នាក់នេះហើយ អ្នកអានអាចចង់ដឹងតទៅថាជីវិតដូច្នេះនឹងអវសានដោយអាការៈដូចម្តេច។ យើងជ្រាបជាទូទៅថា ជីវិតរបស់ប្រធានាធិបតីបានបញ្ចប់ដោយការត្រូវមនុស្សអាក្រក់លបបាញ់ យើងគួរសិក្សាថែមបន្តិចទៀតថា មនុស្សដែលអស្ចារ្យហើយជាមនុស្សល្អថ្នាក់នេះត្រូវឃាតកម្មបានដូចម្តេចទៅ។
រឿងដែលល្បីខ្លាំងគឺរឿងសុបិនរបស់លិនខល៍ន មនុស្សជិតស្និទ្ធរបស់លិនខល៍នម្នាក់ឈ្មោះវ៉ត ហ៊ិលលេម៉នសរសេរទុកដូចតទៅនេះ-
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតក្នុងជីវិតរបស់លិនខល៍ន គឺសុបិនដែលកើតឡើងចំពោះគេមុនត្រូវធ្វើឃាត។លិនខល៍ន បានព្យាយាមលាក់បាំងសេចក្តីព្រួយបារម្ភជាច្រើនថ្ងៃ តែនៅទីបំផុតក៏មិនអាចលាក់អាថ៌កំបាំងទៅទៀតបាន មនុស្សជិតស្និទ្ធបានសង្កេតឃើញជាច្រើនថ្ងៃហើយថា លោកប្រធានាធិបតីមានអាការៈស្រងេះស្រងោចស្រងូតស្រងាត់និងនិយាយតិចជាងមុន។ រហូតដល់ថ្ងៃកើតហេតុ លោកប្រធានាធិបតី ភរិយា និងលេម៉ន (អ្នកសរសេររឿងក្នុងវគ្គនេះ) អង្គុយនៅជាមួយគ្នា ទើបលោកប្រធានាធិបតីមានប្រសាសន៍ឡើងថារឿងដែលចម្លែកក្នុងគម្ពីរបៃប៊ើលនោះគឺមានច្រើនវគ្គច្រើនឃ្លាដែលនិយាយពីក្តីសុបិន បើយើងជឿគម្ពីរបៃប៊ើលយើងក៏ត្រូវជឿថា អាទិទេពរឺទេព្តាមកទាក់ទងជាមួយនឹងមនុស្សដេកលក់ ហើយប្រាប់រឿងរ៉ាវដែលនឹងកើតឡើង។
"ក្នុងសម័យនេះ មនុស្សទាំងឡាយជឿថាក្តីសុបិនជារឿងដែលផ្តេសផ្តាសឥតប្រយោជន៍" លោកប្រធានាធិបតីមានប្រសាសន៍ត "មិនមាននរណាចាត់ទុកថាក្តីសុបិនជារឿងមានសារៈសំខាន់អ្វីក្រៅពីយាយចាស់"
"ព្រោះហេតុអ្វី?" ម៉ាដាមរបស់លិនខល៍នពោលឡើង " ប៉ាវាឯងជឿរឿងសុបិនដែររឺ?"
"ក៏មិនជឿ" លិនខល៍នតប "តែមានសុបិនរឿងមួយដែលសាងសេចក្តីកង្វល់ចិត្តដល់ខ្ញុំជាខ្លាំង"
"ប៉ាវាឯងធ្វើឲ្យខ្ញុំបារម្ភ" ម៉ាដាមលិនខល៍នមានប្រសាសន៍ "តើជារឿងអ្វីទៅ?"
"ជួនកាលខ្ញុំអាចធ្វើខុស" លិនខល៍នពោល "ក្នុងការនិយាយរឿងនេះឲ្យស្តាប់ តែវាជារឿងដែលមិនអាចស្ងប់ចិត្តបាន"
ហើយលិនខល៍នក៏រៀបរាប់សុបិនរបស់ខ្លួន ជាសុបិន ១០ ថ្ងៃកន្លងមកហើយ បានន័យថាលិនខល៍នសុបិនអាក្រក់មុនកើតហេតុ ១០ ថ្ងៃ គេប្រាប់ថា យប់នោះគេចូលដេកយប់ជ្រៅហើយនឿយហត់ជាខ្លាំង លុះលង់លក់ក៏សុបិនភ្លាម សុបិនឃើញភាពស្ងប់ស្ងាត់គឺស្ងាត់ដូចឋានម្រឹត្យូវ ហើយមួយស្របក់ក៏បានឮមនុស្សទ្រហ៊ោយំ គេសុបិនថាខ្លួនគេដើរចេញពីបន្ទប់ដើរតាមជណ្តើរចុះទៅខាងក្រោម ចូលបន្ទប់នោះបន្ទប់នេះ ហើយក៏បានឮមនុស្សទ្រហ៊ោយំជារឿយទៅ។ គ្រប់បន្ទប់មានភ្លើងភ្លឺស្វាង គ្រប់បែបយ៉ាងនៅក្នុងបន្ទប់មិនមានអ្វីផ្លាស់ប្តូរហើយក៏មិនមានមនុស្សលុះចូលទៅក្នុងបន្ទប់ខាងបូព៌ាទិសទើបឃើញសពដាក់ក្នុងក្តាមឈូសតម្កល់ទុកនៅ មានទាហានឈរយាមលិនខល៍នសួរទាហានថានរណាស្លាប់ ទាហានតបថាលោកប្រធានាធិបតីត្រូវមនុស្សអាក្រក់ធ្វើឃាត តពីនោះក៏មានសម្លេងស្រែកទ្រហ៊ោយំយ៉ាងគួរឲ្យព្រឺព្រួចបំផុតជាងពេលណាៗ ដែលលិនខល៍នធ្លាប់បានឮមក ចប់រឿងក្តីសុបិនត្រឹមប៉ុណ្ណេះ។
"គួរឲ្យខ្លាចខ្លាំងណាស់" ម៉ាដាមលិនខល៍នពោល "កុំនិយាយដល់វាទៀតឡើយបំភ្លេចវាចោលទៅ"
ថ្ងៃស្អែកឡើងទី ១៤ មេសា គ.ស. ១៨៦៥ ហៅប្រជុំរដ្ឋមន្ត្រី មិនមែនទាំងគណៈទេ ហៅចំពោះអ្នកខ្លះព្រមទាំងអធិបតីក្រុមអយ្យការមកប្រឹក្សារឿងខ្លះៗ ហើយនឹងឧត្តមសេនីយក្រានត៍ ជាមេទ័ពម្នាក់ក្នុងសង្គ្រាមស៊ីវិលមកចូលប្រជុំផងដែរ។ ក្រោយពេលប្រជុំពិភាក្សាកិច្ចធុរៈក្នុងថ្ងៃនោះរួចស្រេចហើយ លិនខល៍នប្រាប់ឧត្តមសេនីយក្រានត៍ថាយប់នេះនឹងទៅមើលល្ខោនបបួលឧត្តមសេនីយក្រានត៍ទៅផងដែរ។ ឧត្តមសេនីយក្រានត៍ក៏ប្រាប់ថាសូមអធ្យាស្រ័យជាប់ភារកិច្ចសំខាន់ មិនអាចទៅជាមួយបាន។ ការប្រជុំពិភាក្សាគ្រានេះ រួចស្រេចនៅម៉ោង២ រសៀល ពេលអ្នកមកប្រជុំទៅអស់ហើយ លោកស៊ីវ៉រ៍ត រដ្ឋមន្ត្រីម្នាក់មករាយការណ៍ថាឯកអគ្គរាជទូតប្រទេសអង់គ្លេសអ្នកថ្មីមកដល់ក្រុងវ៉ាស៊ិនតោនហើយ សុំជ្រាបថាលិនខល៍ននឹងទទួលបាននៅថ្ងៃណា។
"ថ្ងៃស្អែកនេះវេលាម៉ោង ២ រសៀល" លិនខល៍នតប។
"នៅក្នុងបន្ទប់ពណ៌ផ្ទៃមេឃរឺ?" រដ្ឋមន្ត្រីម្នាក់នោះសួរ។
"នៅក្នុងបន្ទប់ពណ៌ផ្ទៃមេឃ កុំភ្លេចបញ្ជូនក្រដាសព្រៀងសុន្ទរកថាមកឲ្យខ្ញុំពិនិត្យមើលជាមុនសិន"
រដ្ឋមន្ត្រីម្នាក់នោះសរសេរទុកថា នេះគឺជាសម្តីចុងក្រោយដែលគេបានសន្ទនាជាមួយលិនខល៍នតពីនោះលិនខល៍នក៏ចេញទៅជិះរទេះសេះ បរដើរលេងជាមួយនឹងភរិយា ហើយមិនព្រមឲ្យនរណាទៅជាមួយផងទេ។ម៉ាដាមលិនខល៍នរៀបរាប់ថា លិនខល៍ននិយាយជាន័យធុញទ្រាន់នយោបាយ តែក៏ចាំបាច់ត្រូវនៅទម្រាំនឹងគ្រប់កំណត់ភាពជាប្រធានាធិបតី (គឺ ៤ ឆ្នាំ) ផុតកំណត់លើកនេះហើយ នឹងមិនស្ម័គ្រឈរឈ្មោះបោះឆ្នោតទៀតឡើយ នឹងសុំទៅរស់នៅឯភូមិលំនៅស្រុកំណើតដើម ហើយដំណើរជីវិតចុងក្រោយយ៉ាងស្ងប់ស្ងាត់។
តទៅនេះជាអត្ថបទដែលសាក្សីអ្នកឃើញហេតុការណ៍ដោយភ្នែករបស់ខ្លួនសរសេរទុក ។
ប្រធានាធិបតីចូលចិត្តល្ខោនណាស់ ជាសេចក្តីសុខសម្រានតែម្យ៉ាងគត់របស់ប្រធានាធិបតី។តាមពិតការទៅមើលល្ខោននេះ ក្រៅពីការសម្រាកលំហែចិត្តរបស់ប្រធានាធិបតីហើយ នៅមានប្រយោជន៍ម្យ៉ាងទៀតគឺ មានមនុស្សសន្ធឹកសន្ធាប់ ទាំងទាហាននិងស៊ីវិល ឧស្សាហ៍ធ្វើដំណើរមកពីឆ្ងាយ ដើម្បីនឹងបានឃើញប្រធានាធិបតីការទៅបង្ហាញខ្លួននៅរោងល្ខោន ជាការងាយស្រួលបំផុតនិងល្អបំផុត ព្រោះមនុស្សជាច្រើនពាន់នាក់បានឃើញព្រមៗ គ្នា ហើយមិនបាច់ខូចពេលវេលានិយាយអ្វីទៀតផង។ រោងល្ខោនបានយកឳកាសនេះផ្សាយពាណិជ្ជកម្មឃោសនារកចំណូល ថ្ងៃណាដែលប្រធានាធិបតីនឹងទៅមើលល្ខោន ក៏មានការប្រកាស់ពត៌មានតាមកាសែតមុនគ្រប់ពេល ហើយជាការពិតណាស់ថា ថ្ងៃដែលប្រធានាធិបតីទៅមើលល្ខោននោះ មនុស្សនឹងពេញណែនខ្នាត់ក្នុងរោង។
កន្លែងអង្គុយរឺបន្ទប់សម្រាប់មើលល្ខោនរបស់ប្រធានាធិបតី ធ្វើទុកនៅថ្នាក់លើ ជិតនឹងវេទិកាម្ខាង គឺជាប់នឹងវាំងននខាងមុខវេទិកាតែម្តង។ តាមពិតវាមិនមែនជាកន្លែងដែលសក្តិសមបំផុតសម្រាប់មើលល្ខោនឡើយ តែជាបំណងចង់ឲ្យទស្សនិកជនដែលទៅមើលល្ខោនបានឃើញប្រធានាធិបតីច្រើនជាង បន្ទប់មួយៗ មានជញ្ជាំងបាំងជាបន្ទប់ៗ ហើយមានទ្វារចូលចំពោះបន្ទប់នោះៗ។ នៅរាត្រីនោះបើឧត្តមសេនីយក្រានត៍ទៅមើលល្ខោនជាមួយតាមដែលលិនខល៍នអញ្ជើញ ហេតុការណ៍អាចមិនកើតឡើងទេ ព្រោះបើឧត្តមសេនីយក្រានត៍ទៅ ការប្រុងប្រយ័ត្នការពារអាចល្អិតល្អន់ជាង។ លិនខល៍នខ្លួនឯងក៏ជឿជាក់ណាស់ថាមិនមាននរណាមកបៀតបៀនខ្លួនព្រោះខ្លួនគេប្រកបធ្វើតែអំពើល្អរៀងរហូតមក មិនគួរមានសត្រូវឡើយ មិនគួរមានបុគ្គលណាគិតអាក្រក់ ទោះទៅទីណាកន្លែងណាចូលចិត្តទៅម្នាក់ឯង មិនព្រមឲ្យអង្គរក្សដើរតាមការពារដូចជាចូលចិត្តជិះរទេះសេះដើរលេងតែពីរនាក់ភរិយា មិនព្រមឲ្យនរណាតាមទៅជាមួយ។
ការទៅមើលល្ខោនយប់នេះ ម៉ាដាមលិនខល៍នបានអញ្ជើញនាងហារិស បុត្រីសមាជិកព្រឹទ្ធសភាម្នាក់ហើយនឹងវរសេនីយត្រី រែតបូន ជាកូនចិញ្ចឹមរបស់សមាជិកព្រឹទ្ធសភាម្នាក់នោះទៅផង ដោយសារជាប់ធុរៈម្យ៉ាង ទើបលោកប្រធានាធិបតីទៅដល់ពេលដែលល្ខោនចាប់ផ្តើមសម្តែងហើយ។ ពេលប្រធានាធិបតីទៅដល់តន្ត្រីក៏ចាប់បន្លេងភ្លេង "Hail to the Chief" តួល្ខោនឈប់សម្តែងហើយឈរត្រង់ ទស្សនិកជនទាំងរោងក្រោកឈរឡើងស្រែកហ៊ោស្វាគមន៍សម្លេងកឹកកងរំពង។ ប្រធានាធិបតី ឳនគោរពទទួលអធ្យាស្រ័យរបស់មនុស្សទាំងអស់ពេលអង្គុយចុះហើយល្ខោនក៏សម្តែងតទៅទៀត។ ហើយនៅក្នុងបន្ទប់នេះឯង នៅក្នុងកៅអីដែលអង្គុយមើលល្ខោននេះឯង ដែលអាប់ប្រាហ័ម លិនខល៍នត្រូវឃាតករបាញ់ធ្វើឃាត។
មិនមាននរណាជ្រាបថា ឃាតករចូលមកក្នុងបន្ទប់នោះតាំងពីពេលណាឡើយ។ វេលាម៉ោង១០ យប់សម្លេងកាំភ្លើងលាន់ឮឡើង ឃាតករបាញ់សិរសាប្រធានាធិបតីពីខាងក្រោយយ៉ាងជិតបំផុត វរសេនីយត្រី រែតបូនលោតសង្គ្រុបឃាតករ ត្រូវឃាតករចាក់មួយកាំបិតរបួសធ្ងន់។ឃាតករលោតចេញពីបន្ទប់មើលល្ខោន (ដែលនៅជាប់នឹងវេទិកា) ចុះមកលើវេទិកា ខណៈដែលតួល្ខោនស្រឡាំងកាំងហើយរត់ចូលទៅក្នុងរោងល្ខោនចេញតាមទ្វារក្រោយ វរសេនីយត្រីរែតបូនស្រែកឲ្យជួចាប់ តែមិនមាននរណាតាមចាប់ឡើយ ឃាតករក៏បាត់ខ្លួនទៅ។
សម្លេងមនុស្សបុកទ្វារដែលជាផ្លូវចូលបន្ទប់ ទើបវរសេនីយត្រី រែតបូន ជ្រាបថាឃាតករបានដាក់ខ្ទាស់ទ្វារមិនឲ្យអ្នកខាងក្រៅចូលមកបានទៀតផង វរសេនីយត្រីរែតបូនទៅបើកទ្វារហើយសមត្ថកិច្ចក៏ចូលមក។
ប្រធានាធិបតីលិនខល៍នកម្រើកបានត្រឹមបន្តិច ខ្លួននៅផ្អែកនឹងកៅអីនៅឡើយ តែសិរសាឈ្ងោកចុះបន្តិចមនុស្សម្នាជួយគ្នាសែងចេញមកពីរោងល្ខោន នាំយកទៅផ្ទះពីទើរ៍សាន់ ដែលនៅខាងមុខរោងល្ខោននោះឯង។ពត៌មានប្រធានាធិបតីត្រូវឃាតករបាញ់បានផ្សព្វផ្សាយចេញទៅ ហើយផ្សព្វផ្សាយយ៉ាងហួសពីការពិតគឺមិនត្រឹមតែថាប្រធានាធិបតីលិនខល៍នត្រូវបានបាញ់ប៉ុណ្ណោះទេ មានពត៌មានថារដ្ឋមន្ត្រីទាំងគណៈត្រូវបានបាញ់ស្លាប់ទាំងអស់។
បុគ្គលដែលត្រូវបានហៅមកយ៉ាងលឿនបំផុត គឺដុកទើស្តូន ពេទ្យប្រចាំខ្លួនរបស់ប្រធានាធិបតីហើយក្រោយមកក៏មានពេទ្យដទៃៗ តាមមកទៀតជាច្រើននាក់។ ប្រធានាធិបតីក៏នៅមិនទាន់មានសតិ តែនៅមានអាការៈដកដង្ហើមខ្លាំងៗ ពេទ្យទាំងអស់យល់ឃើញដូចគ្នាថា មិនរស់យ៉ាងពិតប្រាកដ អាចនឹងមានជីវិតតទៅទៀតបាន ៣-៤ ម៉ោង តែក៏គ្មានមធ្យោបាយកែខៃអ្វីបានឡើយ។
ចំណែកវរសេនីយត្រី រែតបូន ដែលត្រូវឃាតករចាក់ដៃនោះ ហូរឈាមច្រើនណាស់ស្ទើរអស់កម្លាំង ហើយត្រូវបាននាំខ្លួនមកផ្ទះរបស់គេ។
ប្រធានាធិបតីលិនខល៍ននៅមានដង្ហើមតមកទៀតដល់ទៅ ៩ ម៉ោង ហើយដាច់ខ្យល់ពេលអរុណច្បាស់ នាថ្ងៃទី ១៥ កុម្ភៈ គ.ស. ១៨៩៤ វេលាម៉ោង ០៧.២២ ន.។
ជាអវសាននៃជីវិតតស៊ូដ៏ខ្លាំងក្លាជីវិតមួយ ជាការតស៊ូដ៏ស្រស់ស្អាត ជាជ័យជំនះ និងជាភាពជោគជ័យសែនស្រស់ត្រកាល ហើយជាការអស់ជីវិតដ៏ស្អាតស្អំមួយ។
ឃាតករដែលបុករុកចូលមកធ្វើឃាតប្រធានាធិបតី ត្រូវបានតាមដាននិងត្រូវសមត្ថកិច្ចបាញ់ស្លាប់ អ្នកផ្សំគំនិត ៣-៤ នាក់ទៀតត្រូវបានចាប់នឹងត្រូវបានកាត់ក្តីដាក់ទោសប្រហារជីវិត។
តាមការពិត ទង្វើរបស់ឃាតករ បានជួយបន្ថែមកិត្តិយសរបស់លិនខល៍ន បន្ថែមសេចក្តីស្រឡាញ់សេចក្តីគោរពហើយធ្វើឲ្យអនុស្សាវរីយ៍របស់លិនខល៍នប្រតិស្ឋានក្នុងដួងចិត្តរបស់មនុស្សទូទៅ បើលិនខល៍នមរណភាពដោយរោគាពាធ ជាការមរណភាពយ៉ាងធម្មតាអាចមិនបានទទួលការលើកតម្កើងដល់ថ្នាក់នេះឡើយ។

No comments:

Post a Comment