Saturday, January 9, 2016

ទស្សនវិទូសុនជឺ

ប្រវត្តិស៊ុនជឺ
មានឈ្មោះពិតថា ខួង kuang កើតនៅរដ្ឋចូវ ដែលស្ថិតនៅនាភាគខាងជើងក្រុងហូពើយនិងឆានស៊ីបច្ចុប្បន្ន។ ឆ្នាំកើតនិងមរណភាពមិនប្រាកដច្បាស់លាស់ សន្និដ្ឋានថាសុនជឺអាចមានជីវិតរស់នៅក្នុងកំឡុងពេលរវាង ព.ស ២៤៥ដល់៣០៥។ កាលគាត់មានអាយុបាន៥០ ឆ្នាំស្តេចសៀងនៅក្រុងឈីក៏បានអញ្ជើញគាត់ទៅធ្វើការនៅក្នុងរដ្ឋរបស់ព្រះអង្គ។
ស៊ុនជឺបានបង្ហាញថ្វីដៃបំពេញការងារយ៉ាងអស់ពីសមត្ថភាពរហូតដល់មន្រ្តីតូចធំនាំគ្នាច្រណែននិន្ទាឈ្នានីស ហើយញុះញង់ចាក់ដោតទម្លាក់កំហុសលើគាត់ សុនជឺក៏លាលែងពីតំណែងរួចហើយក៏មកធ្វើការងាររាជការនៅរដ្ឋឈូវិញ។ ក្រោយមកទៀតគាត់ក៏បានលាលែងចេញទៅធ្វើជាគ្រូបង្រៀនសិល្ប៍វិជ្ជាផ្សេងៗ រហូតបានសិស្សសំខាន់ ២នាក់គឺ លីស៊ឺ ហើយនឹងហាន់ហ្វើយជឺ។
ទស្សនវិជ្ជារបស់ស៊ុនជឺ
ស៊ុនជឺគោរពកោតក្រែងចំពោះខុងជឺក្រៃលែងហើយប្រកាន់យកខុងជឺជាគំរូដ៏ល្អ ព្រោះហេតុនេះទើបធ្វើឲ្យគាត់សម្លឹងឃើញថា ប្រពៃណីទំនៀមទម្លាប់ តន្ត្រី ហើយនឹងគុណធម៌មានសារៈសំខាន់តែក៏មានគំនិតផ្ទុយគ្នានឹងម៉ជឺដែលជាទស្សនវិទូរួមសំណាក់ជាមួយគាត់ ដោយសុនជឺយល់ឃើញថាធម្មជាតិរបស់មនុស្សមានតែភាពអាក្រក់ឃោរឃៅទាល់តែទទួលបាននូវការអប់រំទើបអាចប្រសើរឡើងបាន។
ទ្រឹស្តីពុទ្ធិទស្សនវិជ្ជា
ស៊ុនជឺពោលថា ដំណើរប្រព្រឹត្តទៅនៃសភាវៈទាំងពួងក្នុងលោកនេះមានអត្ថិភាព ២ប្រការគឺបាតុភូតហើយនឹងប្រត្យក្សភាព(សច្ចភាព)។ បាតុភូតគ្រាន់តែជាព្រឹត្តិការណ៍ផ្នែកខាងក្រៅជារូបភាពបំភាន់ភ្នែកមិនពិតប្រាកដ ជាភាពមាយា ចំណែកសច្ចភាព ជាសភាវៈដែលស្ថិតនៅខាងក្រោយនៃបាតុភូតទាំងពួង។ស៊ុនជឺពោលថា ពុទ្ធិនឹងអាចកើតឡើងបានទាល់តែអាស្រ័យបច្ច័យ ២យ៉ាងនេះគឺ ប្រត្យក្សារម្មណ៍ឥន្ទ្រីយ៍ហើយនឹងចិត្ត ដោយអាស្រ័យសមត្ថភាពរបស់ចិត្តក្នុងការផ្តល់អត្ថន័យនូវរបស់ដែលទទួលដឹងអំពីប្រត្យក្សារម្មណ៍នោះគឺបានពុទ្ធិមកក្រោយពេលដែលទទួលដឹងនូវអារម្មណ៍ហើយពុទ្ធិនេះ អាចកើនច្រើនឡើងបានតាមបទពិសោធន៍។
ទស្សនវិជ្ជាជីវិត
ស៊ុនជឺពោលថា ធម្មជាតិសន្តានរបស់មនុស្សហ្នឹងឃោរឃៅចាំបាច់ត្រូវទទួលបាននូវការដុសខាត់ដោយវិទ្យា៦ប្រការរបស់ខុងជឺបានដល់ ប្រវត្តិសាស្ត្រ(ឈុនឈិវ) រដ្ឋសាស្រ្ត(សៀងជឺ) ធម្មជាតិវិទ្យា(អៀក) នីតិសាស្ត្រ(លយកេ៏ង) កាព្យឃ្លោង(ស៊ីកេ៏ង) និងតន្ត្រី(ហ្វាវ)។ ស៊ុនជឺជឿថាប្រពៃណីទំនៀមទម្លាប់ រួមទាំងច្បាប់ សីលធម៌អាចជួយគ្រប់គ្រងកិលេសតណ្ហានិងដុសខាត់ព្រឹត្តិកម្ម ចំណែកតន្ត្រីមានតួនាទីសំខាន់ក្នុងការសាងភាពទន់ភ្លន់និងភាពស្រស់បស់ឲ្យកើតមានក្នុងចិត្តរបស់មនុស្ស។
ទស្សនវិជ្ជាសេដ្ឋកិច្ច
ស៊ុនជឺជឿជាក់ថា ក្រៅពីការធ្វើឲ្យប្រទេសជាតិស្ងប់សុខនិងមានមេដឹកនាំល្អហើយនោះត្រូវមានអាហារឧត្តមសម្បូរណ៍គឺត្រូវគាំទ្រឲ្យប្រជាជនប្រកាន់ខ្ជាប់នូវអាជីពកសិកម្មជាគោល ដោយគាត់មានហេតុផលថា បើរដ្ឋណាមានកសិករកាន់តែច្រើន រដ្ឋនោះក៏រឹតតែសម្បូរណ៍ស្តុកស្តម្ភ ខុសពីអាជីពដទៃដែលកាន់តែមានច្រើន រដ្ឋកាន់តែធ្លាក់ដុនដាបចុះ។
ទស្សនវិជ្ជានយោបាយនិងសង្គម
សុនជឺគាំទ្ររបបរាជានិយម តែព្រះមហាក្សត្រូវមានគុណធម៌និងសមត្ថភាពសមជាអ្នកគ្រប់គ្រងទើបអាចទទួលបាននូវការគោរពគាំទ្រនិងការលើកតម្កើងពីប្រជាជន។ ក្រៅពីនេះសុនបានពោលទៀតថាត្រូវឲ្យមេដឹកនាំមានការប្រព្រឹត្តដូចដែលបានប្រកាសនយោបាយរបស់ខ្លួននិងគាំទ្រឲ្យប្រើព្រះគុណគ្រប់គ្រងមនុស្សច្រើនជាងប្រើព្រះតេជ។
សរុបទស្សនវិជ្ជាស៊ុនជឺ
ស៊ុនជឺយល់ឃើញថា ធម្មជាតិរបស់មនុស្សមានតែភាពឃោរឃៅ ត្រូវអាស្រ័យរបៀបវិន័យនិងការសិក្សាមកជួយអប់រំមនុស្សហើយគាត់បានផ្តល់ភាពសំខាន់ទៅលើមេដឹកនាំរឺអ្នកគ្រប់គ្រងផងដែរ។

No comments:

Post a Comment