Saturday, January 2, 2016

កំឡុងពេលមួយពព្រេចភ្នែកប៉ុណ្ណោះ ដែលការផ្លាស់ប្តូរគ្រាសំខាន់តែងកើតឡើង

ក្រៅពីសច្ចធម៌ហើយនោះ សព្វសត្វនិងវត្ថុធាតុទាំងពួងសុទ្ធតែមានការផ្លាស់ប្តូរទៅ គ្មានវត្ថុរឺសភាវៈណាស្ថិតស្ថេរគង់វង់នៅមួយកន្លែងជានិច្ចនិរន្តរ៍បានឡើយ។ ជីវិតមនុស្សយើងគ្រប់រូបនាមក៏ផ្លាស់ប្តូរទៅតាមកាលវេលា អ្នកខ្លះក្នុងជីវិតមួយមានការផ្លាស់ប្តូរច្រើនដង អ្នកខ្លះក៏មានការផ្លាស់ប្តូរមិនប៉ុន្មានដង។ ការផ្លាស់ប្តូរម្តងៗក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលផ្សេងៗគ្នា។​ ចំណុចសំខាន់នៃការផ្លាស់ប្តូរមិនមែនស្ថិតនៅលើអ្វីផ្សេងឡើយ តែវាស្ថិតនៅលើការសម្រេចចិត្តបែបឆាប់រហ័សរឺបន្ទាន់ភ្លាមៗនោះឯង ដូចលោក កូវឡេង​​ (អ្នកប្រាជ្ញតៃវ៉ាន់)  ពោលថា ការផ្លាស់ប្តូរគ្រាសំខាន់ក្នុងកំឡុងជីវិតមួយរបស់មនុស្សយើងតែងតែត្រូវបានសម្រេចចិត្តក្នុងកំឡុងពេលមួយពព្រិចភ្នែក

ក្នុងលោកនេះគ្មានអ្វីឡើយដែលស្ថិតនៅគង់វង់ជានិច្ចនិរន្តរ៍បាន មានតែតថភាពដែលកើតឡើងតាមធម្មជាតិប៉ុណ្ណោះទើបអាចទ្រទ្រង់គង់នៅជាស្ថាពរបាន សភាវៈផ្សេងៗសុទ្ធតែត្រូវរលាយសាបសួន្យទៅតាមកាលវេលា នេះជាច្បាប់របស់ធម្មជាតិ។

ជីវិតរបស់មនុស្សយើងកើតឡើងហើយរមែងមានថ្ងៃចាស់ ថ្ងៃឈឺ និង ថ្ងៃស្លាប់តាមសភាវៈអនិច្ចំនៃសង្ខារ តែនេះជាការផ្លាស់ប្តូរតាមធម្មតារបស់ច្បាប់ធម្មជាតិ គ្មានអ្វីសំខាន់ណាស់ណាទេ។

ការផ្លាស់ប្តូរដែលចាត់ទុកថាជារឿងសំខាន់និងមានគុណតម្លៃចំពោះជីវិតយ៉ាងខ្លាំងនោះ គឹការផ្លាស់ប្តូរដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃនេះឯង ដែលជាការផ្លាស់ប្តូរកើតចេញពីចេតនានិងការតាំងចិត្តរបស់យើង ចំណុចនេះហើយដែលយើងត្រូវនាំគ្នាគិតឲ្យបានល្អិតល្អន់បន្តិច។

មានតែទឹកនឹងប៉ុណ្ណោះ ដែលនឹងត្រូវស្អុយរលួយ ទឹកដែលហូរវិលផ្លាស់ប្តូរទៅរហូតរមែងជាទឹកដែលស្អាតជាង។ ជីវិតដែលឈប់ស្ងៀម គ្មានការផ្លាស់ប្តូរ រមែងជំពប់ជាប់នៅនឹងមួយកន្លែងគ្មានការអភិវឌ្ឍន៍។ ជីវិតដែលមានចលនារស់រវើក ចេះកែខៃ ច្នៃប្រឌិត អភិវឌ្ឍផ្លាស់ប្តូរទៅរករបស់ដែលល្អជាងនោះឯង ទើបជាជីវិតដែលមានភាពឈានមុខនិងរីកចម្រើនរុងរឿង។

តែជីវិតនេះនឹងអភិវឌ្ឍទៅមុខរឺធ្លាក់ថយក្រោយវិញ វាស្ថិតនៅការសម្រេចចិត្តក្នុងការធ្វើការផ្លាស់ប្តូរ។ កាលបើយើងជឿជាក់ថាជីវិតត្រូវមានការផ្លាស់ប្តូរ ព្រោះការផ្លាស់ប្តូរនាំរឿងដែលល្អមកកាន់ជីវិត យើងក៏គប្បីដឹងថា យើងនឹងត្រូវផ្លាស់ប្តូរទៅកាន់ទិសដៅណាទើបវាល្អ។ សតិបញ្ញាទើបជាវត្ថុសំខាន់បំផុតសម្រាប់ធ្វើការផ្លាស់ប្តូរ។​ សតិបញ្ញាដែលបានពោលមកនោះ បានដល់សតិបញ្ញាដែលមានទិន្នន័យមានហេតុផល មានភាពល្អិតល្អន់សម្រាប់ធ្វើការផ្លាស់ប្តូរ។

ការសម្រេចចិត្តធ្វើរឿងអ្វីមួយក្នុងជីវិត កុំប្រើគំនិតដែលកើតឡើងក្នុងមួយឆាវ ព្រោះវាធ្វើឲ្យមនុស្សសម្រេចចិត្តខុសនាំជីវិតទៅកាន់គ្រោះថ្នាក់មកជាច្រើនហើយ។ យើងជ្រើសរើសទិញរបស់របរខោអាវផ្សេងៗនៅប្រើពេលរើសយ៉ាងយូរ ទម្រាំការជ្រើសរើសផ្លូវដើរសម្រាប់ជីវិតទាំងមូល នឹងប្រើគំនិតមួយឆាវមកសម្រេចចិត្តដូចម្តេចនឹងបានទៅ។ តែជីវិតក៏គឺជីវិត ជួនកាលក៏មិនអាចយកជាការបាន ច្រើនដងណាស់ដែលពេលវេលាមួយពព្រិចភ្នែក ត្រូវបានយកមកប្រើក្នុងការសម្រចចិត្តផ្លាស់ប្តូរជីវិត ទាំងនេះតើព្រោះហេតុអ្វីទៅ?

ស្ថានការណ៍ ស្ថានការណ៍ក្នុងពេលនោះ រឺហេតុការណ៍ចំពោះមុខដែលមានភាពសមរម្យ ធ្វើឲ្យយើងប្រញាប់ធ្វើការសម្រេចចិត្ត។

ព្រោះហេតុនេះ ជីវិតគួរមានការត្រៀមខ្លួនទុកជានិច្ច សម្រាប់ទទួលការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីមិនឲ្យមានកំហុសឆ្កង រឺមានកំហុសឆ្កងតិចតួចបំផុត ពីការសម្រេចចិត្តក្នុងគ្រានោះ។

នឹងសម្រេចចិត្តធ្វើរឿងអ្វីក្នុងជីវិត កុំធ្វេសប្រហេសហួសហេតុពេក កុំអាស្រ័យភាពត្រូវចិត្ត ចូរអាស្រ័យភាពត្រឹមត្រូវតាមគន្លងធម៌ជាគោល។ 


No comments:

Post a Comment