Saturday, January 9, 2016

ខុងជឺសន្ទនាយ៉ុងឈីជី

ថ្ងៃមួយអ្នកប្រាជ្ញខុងជឺត្រេចចរទៅកាន់ភ្នំថៃសាន(ភ្នំសក្តិសិទ្ធប្រចាំបូព៌ាទិសនៅមណ្ឌលសានតុង)ក៏បានជួបព្រឹទ្ធាចារ្យយ៉ុងឈីជី កំពុងធ្វើដំណើរតាមរជើងព្រៃព្រឺក្សដែលជាតំបន់របស់ក្រុងឈើង(ជាក្រុងនៅក្នុងរដ្ឋលូ បច្ចុប្បន្ននៅក្នុងមណ្ឌលសានតុង) បិទបាំងរាងកាយដោយស្បែកប្រើសសាច់គគ្រើម រឹតចង្កេះដោយខ្សែសាច់គគ្រើម ហើយផ្ទាត់ឃឹមវាយស្គស្រែកច្រៀងកំសាន្តបណ្តើរ អ្នកប្រាជ្ញខុងជឺទើបសួរទៅថា "លោកព្រឹទ្ធាចារ្យ! លោកមានសេចក្តីសុខសំរាន្តចិត្តដោយហេតុអ្វីរឺ?"។
ព្រឹទ្ធាចារ្យយ៉ុងឈីជីស្តីតបទៅថា "សេចក្តីសុខសំរាន្តរបស់ខ្ញុំនេះ មានច្រើនណាស់ ដូចជាមេឃនោះបានឲ្យកំនើតដល់សព្វសភាវៈដោយប្រកាន់យកមនុស្សនេះថាមានគុណតម្លៃខ្ពង់ខ្ពស់បំផុតជាងភាវៈដទៃ កាលបើខ្លួនខ្ញុំបានកំនើតមកក្នុងភាពជាមនុស្ស ទើបចាត់បានថាជាសេចក្តីសុខសំរាន្តប្រការទីមួយ។
ម្យ៉ាងទៀត បុរសយើងមានការបែងចែកញែកផ្សេងពីស្ត្រី ដោយបុរសជាភេទខ្ពង់ខ្ពស់ជាងភេទស្រ្តីខ្លួនខ្ញុំនេះបានកំនើតមកក្នុងភេទជាបុរស នោះគឺសេចក្តីសុខសំរាន្តប្រការទីពីរ។
មួយវិញទៀត មនុស្សដែលកើតមក អ្នកខ្លះក៏ទ្រទ្រង់ជីវិតរស់នៅមិនទាំងបានមួយថ្ងៃរឺមួយខែផងហើយអ្នកខ្លះទៀត ធ្វើកាលកិរិយាតាំងតែខ្លួននៅជាកូនងែត ចំណែកខ្លួនខ្ញុំនេះបានមានជីវិតរស់នៅយឺនយូរដល់ទៅ ៩០ ឆ្នាំហើយ នោះគឺសេចក្តីសុខសំរាន្តប្រការទីបី។
សេចក្តីក្រីក្រនោះគឺជាប្រក្រតីរបស់បុរស ហើយសេចក្តីក្សិណក្ស័យក៏ជាគោលដៅចុងក្រោយបំផុតរបស់មនុស្ស ការទ្រទ្រង់នូវភាវៈប្រក្រតីដើម្បីរង់ចាំនូវគោលដៅចុងក្រោយដោយអាការៈដូច្នេះហើយនឹងមានរឿងអ្វីឲ្យសោកសៅហ្មងទៀតទៅ"។
អ្នកប្រាជ្ញខុងជឺឧទានថា "ប្រសើរដោយពិត! នេះឯងហើយគឺបុគ្គលដែលស្គាល់សេចក្តីសុខសម្រាន្តរបស់ខ្លួនឯង"។
(ដកស្រង់ពីគម្ពីរតាវ របស់លៀជឺ)

No comments:

Post a Comment