Wednesday, January 6, 2016

កាលបើគិតចង់ទទួលទានហើយទោះល្វីងឫផ្អែមក៏ត្រូវតែលេបចូលទៅ

ជួនកាលជីវិតក៏ត្រូវតែល្វីងជូរចត់តានតឹងអួលណែនជាមួយនឹងរឿងដែលដែលយើងពុះពារប្រឹងប្រែងតែកើតមកជាមនុស្សហើយត្រូវតែតស៊ូ ទោះលំបាកលំបិនម្តេចក្តីក៏មិនព្រមរួញរាជូរចត់ប៉ុណ្ណាក៏មិនខ្លាច កាលបើគិតស៊ូហើយក៏មិនត្រូវខ្លាចឈឺចាប់ ដូចដែល គូឡុង()ពោលថា របស់មួយមិនថាល្វីងឫផ្អែមកាលបើគិតទទួលទានហើយត្រូវតែលេបចូលទៅឲ្យបាន
ជួនកាលវិថីជីវិតក៏មិនមានផ្លូវឲ្យជ្រើសរើសយ៉ាងឥស្សរៈ ព្រោះក្នុងស្ថានការណ៍និងវេលាខ្លះជីវិតក៏ត្រូវចាល់មុំ កើតការជំពាក់ជំពិនរតេបរតុបទាំងអស់ នឹងគិត នឹងធ្វើ ឫនិយាយស្តី ហាក់ដូចប្រហោងគ្រប់ច្រកត្រូវស្ទះទាំងអស់ ជួនកាលគ្រាន់តែដកដង្ហើមចូលទៅក៏កកស្ទះនៅក្នុងច្រមុះដែរ ដកដង្ហើមចូលទៅហើយ ជួនកាលក៏ទៅមិនពេញពោះ មានក្តីកង្វល់ មានការមិនសប្បាយចិត្តគ្រប់សព្វគ្រប់យ៉ាងទាំងអស់។
ប្រសិនបើជីវិតស្ថិតនៅក្នុងភាពផុតផើយដូច្នេះ នឹងធ្វើដូចម្តេចទៅ? នឹងថយក្រោយ ឫក៏ឈានតទៅមុខទៀត។
សុនខពេលចាល់ច្រកត្រូវគេចោមខាំវានៅបែរមុខមកស៊ូ ទោះដឹងថាកម្លាំងអន់ជាងតែក៏ត្រូវតែស៊ូដើម្បីការរស់រានមានជីវិតតទៅទៀត ចុះយើងវិញ ជាមនុស្សមានខួរក្បាល ចេះគិតគូរមានហេតុផល រឿងអ្វីមកបត់ដៃបត់ជើង មិនស្ទុះស្ទាតស៊ូជាមួយជតាកម្មរបស់ជីវិតម្តេចនឹងសមទៅ។
វិបត្តិរបស់ជីវិតកាលបើចូលមកជិតខ្លួនយើងហើយ មិនងាយនឹងមានផ្លូវគេចវាសជៀសវាងបានឡើយក្រៅពីការក្រោកឡើងតស៊ូយ៉ាងពេញទំហឹង ការក្រោកឡើងស៊ូគឺជាយុទ្ធវិធីមួយដែលធ្វើឲ្យយើងអាចកែបញ្ហាផ្សេងៗ របស់ជីវិតឲ្យរបូតទៅបាន។ យើងអាចនឹងចង្អៀតចង្អល់អាចធ្ងន់ឫនឿយហត់ អាចនឹងលំបាកលំបិនត្រាំត្រែងច្រើនប្រការ តែយើងក៏ត្រូវតែស្ទុះស្ទាប្រឹងប្រែងតស៊ូយ៉ាងមុះមុតមិនរាថយរួបរួមកំលាំងកាយ កម្លាំងចិត្តស៊ូមិនពព្រិចភ្នែក កំឡុងពេលខ្លីៗ ដែលយើងប្រឹងស៊ូនេះឯងហើយ ដែលធ្វើឲ្យជីវិតរបស់មនុស្សចំរុងចំរើនរុងរឿងមកស្ទើរតែរាប់មិនអស់ឡើយ។
ជាមនុស្សចូររើបម្រាស់ក្នុងវិថី ទោះជូរចត់ខ្សត់បារមីមិនមែនឧបសគ្គបិទបាំង ចូរពុះពារយ៉ាងមុះមុតអើយ។

No comments:

Post a Comment