Sunday, January 10, 2016

អាល់ហ្វ្រិដ ប៊ែរណា ណូបែល (Alfred Bernhard Nobel)

អាល់ហ្រ្វិដ ណូបែល បង្វែរប្រាក់បាបជារង្វាន់កិត្តិយសដ៏ខ្ពង់ខ្ពស់
imagesCACPG80Hនៅក្នុងលោកនេះ មានពានរង្វាន់​កិត្តិយសដែលត្រូវបាន​បង្កើត​ឡើង​​ដោយបុគ្គល និង ស្ថាប័ន​នា​នា ជា​ច្រើនសន្ធឹកសន្ធាប់​រាប់​រយ​​រាប់ពាន់​រង្វាន់។ រង្វាន់ខ្លះ​​មាន​ប្រាក់ជា​ច្រើន​ដែល​ត្រូវបាន​ប្រ​គល់ ឲ្យ​ជា​កិត្តិ​យស​ព្រមជាមួយនឹងតួរង្វាន់ រហូត​ធ្វើឲ្យ​បុគ្គល​ដែល​​បាន​ទទួលរង្វាន់ អាចផ្លាស់ប្តូរស្ថាន ភាពជីវិត​ពីបាត​ដៃ​ជា​ខ្នង​ដៃ​បាន​ក្នុង​មួយ​ពព្រិច​ភ្នែក​​យ៉ាងមិន​គួរឲ្យ​ជឿ​។
តែក្នុងបណ្តារង្វាន់ដ៏មានកិត្តិយសទាំងអស់នៅក្នុងលោកនេះ គ្មាន​រង្វាន់​​ណាដែលមានកិត្តិយសខ្ពង់​ខ្ពស់ ហើយនឹង​មានឥទ្ធិពល​ធំបំផុត​ចំ​ពោះ​​​មនុស្សជាតិស្មើនឹង “រង្វាន់ណូបែល” នេះឡើយ។
-ពានរង្វាន់ដែលជារៀងរាល់ឆ្នាំតែងមានមនុស្សម្នាទន្ទឹងរងចាំមើល ការប្រកាស់លទ្ធផលអណ្តាប់​ពិភពលោក។
-ពានរង្វាន់ដែលបុគ្គលអ្នកទទួលបាន នឹងក្លាយជាបុគ្គលសំខាន់របស់ពិភពក្នុងមួយពព្រិចភ្នែក។
-ពានរង្វាន់ដែលនឹងជះឥទ្ធិពលចំពោះប្រព័ន្ធសេដ្ឋកិច្ច នយោបាយ សង្គម សន្តិភាព វិធីគិតរបស់ ប្រទេសជាតិ ហើយនឹងមានផលប៉ះពាល់ដល់ជតាកម្មរបស់មនុស្សជាតិទាំងក្នុងពេលបច្ចុប្បន្ន និង អនាគត។
-ពានរង្វាន់ដែលពេលបុគ្គលបានទទួលរង្វាន់លាចាកលោកនេះទៅ ពត៌មានមរណភាពរបស់គេ​នឹងក្លាយជាពត៌មានសំខាន់ទូទាំងសកល ដែលជាទីទទួលដឹងទាំងអស់គ្នានៅក្នុងលោក។
មិនគួរឲ្យជឿថា រង្វាន់ដែលមានកិត្តិយសនិងមានឥទ្ធិពលបំផុតដល់ថ្នាក់នេះ ត្រូវបានបង្កើតឡើង ដោយអ្នកជួញដូរអាវុធសង្គ្រាមម្នាក់ដែលមានឈ្មោះថា “អាល់ហ្វ្រិដ ប៊ែរណា ណូបែល”។
អាល់ហ្វ្រិដ ណូបែល កើតនៅថ្ងៃទី ២១ តុលា គ.ស. ១៨៣៣ នៅក្រុងស្តុកហូល៍ម ប្រទេស​ស៊ុយអែត។ បិតាជាអ្នកជំនួញដែលមានឋានៈយ៉ាងត្រដាបត្រដួសនៅក្នុងស្រុកកំណើត​របស់​ខ្លួន តមក​បានធ្វើដំណើរទៅស្វែងរកឳកាសរហូតបានប្រកបមុខរបរកស៊ីនៅប្រទេសរុស្សី។​ នៅទី​នេះ​បិតា​របស់ណូបែលបានទទួលឳកាសឲ្យធ្វើសម្បទានអណ្តូងរ៉ែ ហើយថែមទាំងជាម្ចាស់​រោងចក្រ​ផលិត​មីននិងអាវុធសង្គ្រាមនៅក្រុង St.Petersburg។
មុខជំនួញលក់អាវុធសង្គ្រាមហើយនឹងផលិតគ្រាប់មីនលក់នេះឯង នាំទ្រព្យសម្បត្តិស្តុកស្តម្ភ​មក​ឲ្យ​បិតារបស់ណូបែល រហូតគេមានឋានៈជាមហាសេដ្ឋីដែលមានទាំងមាសប្រាក់និងកេរ្តិ៍ឈ្មោះ។ ពេលគេបានទទួលជោគជ័យនៅប្រទេសរុស្សីហើយ ទើបគេទទួលក្រុមគ្រួសារទាំងអស់មករស់​នៅក្រុង St.Petersburg ជាមួយគ្នា។
គា្រប់បែកដែលបិតារបស់ណូបែលបានផលិតនោះ ជាទីត្រូវការរបស់កងទ័ពនៃប្រទេសផ្សេងៗ យ៉ាង​​​ខ្លាំង ជាពិសេសក្នុងកំឡុងពេលសង្គ្រាមគ្រីមៀ (crimean war) រុស្សីគឺអតិថិជនសំខាន់ សម្រាប់​រោងចក្របិតារបស់ណូបែល។ គ្រាប់មីនដែលផលិតនៅរោងក្រនេះ គឺផលិតចេញពី សារធាតុនីត្រូគ្លីសេរីន (nitroglycerin) ដែលផ្ទុះងាយ ហើយរោងចក្របិតារបស់ណូបែល​ប៉ុណ្ណោះ​ដែល មានសិទ្ធផ្តាច់មុខក្នុងការផលិត ព្រោះហេតុនេះឯង ពេលគ្រាប់​មីន​នីត្រូគ្លីសេរីន​ផ្ទុះឡើង​​នៅ​ទី​ណា មិនថានៅក្នុងសង្គ្រាម រឺ ក្នុងភេរវកម្មមិនថា​នៅ​អ៊ើរ៉ុប ​​រឺ នៅ​ក្នុងលោកក៏ដោយ ឳពុករបស់​ណូបែល តែងត្រូវបានបរាមុខ​ថាជាម្ចាស់របស់​គ្រាប់មីន​នោះ​ជានិច្ច។
កេរ្តិ៍ឈ្មោះរបស់ឳពុកទើបមកព្រមជាមួយនឹង “សេចក្តីស្អប់ខ្ពើម” រឺពោលបានថាជា “ទុក្ខលាភ” ដែលធ្វើឲ្យក្រុមគ្រួសារមានអារម្មណ៍កង្វល់នៅក្នុងជម្រៅដួងចិត្ត។
តមកក្រោយពេលសង្គ្រាមគ្រីមៀបានបញ្ចប់ រុស្សីចាញ់សង្គ្រាម អាវុធលក់លែងដាច់ ឳពុករបស់ ណូបែល ក្លាយជាមនុស្សដួលរលំ ក្ស័យធនរហូតត្រូវជំលៀស ក្រុមគ្រួសារត្រឡប់មកនៅ​ស្តុកហូមវិញ។ នៅស្តុកហូម ក្រុម​គ្រួសាររបស់ណូបែល អាចសាងខ្លួនឡើងវិញបានម្តង​ទៀត ហើយ​​នៅទីនេះ​បិតារបស់ណូបែល បានលាចាកលោកទៅយ៉ាងស្ងប់ស្ងាត់ មត៌កទាំងអស់របស់​គ្រួសារ​ទើប​​ធ្លាក់មកនៅលើដៃរបស់ណូបែល។
“មិនថាធ្លាប់មានអតីតដ៏ងងឹតងងុល ឈឺចាប់គ្រាំគ្រាប៉ុណ្ណា តែមនុស្សយើងក៏អាចចាប់ផ្តើមជីវិត ថ្មីយ៉ាងមានន័យចំពោះមនុស្សជាតិបានជានិច្ច សុំត្រឹមចេះបំភ្លេចរឿងកន្លងហួសទៅហើយចាប់ ផ្តើមសារជាថ្មី”
ណូបែលធំដឹងក្តីនិងមានវ័យចម្រើនឡើងមកក្នុងរោងចក្រជាមួយឳពុកស្រាប់ហើយ ដូច្នេះទើប មិនមែនជារឿងលំបាកដែលគេអាចបន្តតំណែងមុខជំនួញរបស់ឳពុក។ នៅក្នុងយុគសម័យរបស់​ណូបែល គេព្យាយាមស្វែងរកវិធីការពារមិនឲ្យគ្រាប់មីននីត្រូគ្លីសេរីនផ្ទុះងាយៗ តទៅទៀត នៅទីបំផុត ថ្ងៃមួយគេក៏ធ្វើបានសម្រេច ហើយដាក់ឈ្មោះគ្រាប់បែក ដែលគេបង្កើតថ្មីមានអានុ​ភាព​ខ្លាំងលើសដើមជាច្រើនដងនេះថា “គ្រាប់បែកដាយណាម៉ាយ (Dynamite)”។
ការកើតឡើងនៃគ្រាប់មីនដាយណាម៉ាយ នាំទាំងមាសប្រាក់ កេរ្តិ៍ឈ្មោះហើយនឹងសេចក្តីស្អប់​ខ្ពើម​ មកឲ្យណូបែលព្រមៗ គ្នា។ ក្នុងកាលដែលគេចាប់ផ្តើមផលិតគ្រាប់មីនដាយណាម៉ាយ មាន​ប្រទេស​ជាច្រើន បានប្រឆាំងណូបែលដល់ថ្នាក់មានសណ្ឋាគារជាច្រើនកន្លែងមិនព្រ​មឲ្យ​គេ​ស្នាក់ ប្រទេស​អង់គ្លេសមិនអនុញ្ញាតឲ្យទំនិញដែលចេញពីរោងចក្ររបស់ណូបែលចូលប្រទេស។
ទោះយ៉ាងណាក៏ដោយ ណូបែលជាមនុស្សមានបេះដូងនៃអ្នកតស៊ូជីវិតនៅក្នុងខ្សែលោហិត ទោះ​បី​មានគេប្រឆាំង​ រឺស្អប់ខ្ពើម តែដោយនិស្ស័យអ្នកជំនួញ គេមិនព្រមចុះចាញ់ឡើយ។ គេ​ព្យាយាម​ដើរ​ទៅមុខចូលទៅរកថ្នាក់ដឹកនាំរបស់ប្រទេសផ្សេងៗ ព្រមទាំងបើកចរចាពាណិជ្ជកម្ម ដោយ​លក្ខ័ណ្ឌ​ដែលពិបាកនឹងបដិសេធ។ តមកប្រទេសដែលធ្លាប់ប្រឆាំងទំនិញរបស់គេ ក៏​អនុញ្ញាត​ឲ្យ​គេ​ចូលទៅសាងរោងចក្រផលិតគ្រាប់បែកលក់យ៉ាងបើកចំហ ដូចជា ប៉ទុយកាល់ អេស្ប៉ាញ ហ្វិលឡែនដ៍ ​​អ៊ីតាលី អូទ្រីស អាល្លឺម៉ង់ បារាំង​ កាណាដា ជប៉ុន រួមទាំងប្រទេសដែល ធ្លាប់​ប្រឆាំង​គេ​យ៉ាងខ្លាំងដូចជា អង់គ្លេសផងដែរ។
លទ្ធផលនៃការសាងរោងចក្រផលិតគ្រាប់មីននិងអាវុធសង្គ្រាមប្រភេទផ្សេង ព្រមទាំងសមិទ្ធិ​ផល​ថ្មី​ៗ ទៀតជាច្រើនមុខ (តែសមិទ្ធិផលផ្សេងៗ មិនត្រូវបានគេចងចាំឡើយ ព្រោះមិន​មាន ឥទ្ធិពល​ប៉ះ​ពាល់​ខ្លាំងទាំងក្នុងផ្លូវវិជ្ជមាននិងអវិជ្ជមានស្មើនឹងគ្រាប់មីន) ធ្វើឲ្យណូបែលមានឋានៈ ទាំងជា​មហា​សេដ្ឋី ជាពាណិជ្ជករ ហើយនឹងជាអ្នកជំនួញអាវុធសង្គ្រាមដែលពិភពលោកស្គាល់គេ​យ៉ាង​ច្បាស់​។
នៅចុងក្រោយនៃជីវិត ណូបែលចាប់ផ្តើមមានសុខភាពទន់ខ្សោយ ឈឺរ៉ាំរ៉ៃដោយរោគជាច្រើនមុខ ហើយជម្ងឺដែលសំខាន់ក៏គឺ អាការៈជម្ងឺផ្លូវចិត្ត ព្រោះប្រហែលមកពីមានវិប្បដិសារី ដោយសារ​គ្រាប់​បែក​ដែលគេផលិតឡើង បានផ្តាច់បង់ជីវិតមនុស្ស សន្ធឹកសន្ធាប់គ្រប់​ជ្រុងជ្រោយ ​នៃ​ពិភព​លោក​។
លទ្ធផលជម្ងឺទាំងផ្លូវកាយផ្លូវចិត្ត ធ្វើឲ្យណូបែលមានការ “ភ្ញាក់ស្មារតី” ដែលផ្ទុះចេញមកពី​ក្នុង​ជម្រៅដួងចិត្ត គេមានអារម្មណ៍ថា គេគួរតែធ្វើអ្វីម្យ៉ាង ដើម្បីជាការតបស្នងដល់សន្តិភាពរបស់ មនុស្ស​ជាតិ ដែលគេមានចំណែកយ៉ាងសំខាន់ ក្នុងការបានបេះបោច​​​​​​​​​​​​​​​​​​​ យកសេចក្តីសុខពីគ្រប់​បណ្តា​​រមនុស្សជាតិ។
ក្រោយពេលត្រិះរិះរឿងនេះអស់រយៈពេលជាយូរ នៅទីបំផុត មុននឹងលាចាកលោកនេះទៅមិន​ប៉ុន្មានឆ្នាំ (គេមរណភាពនៅ គ.ស.១៨៩៦) គេក៏បានសម្រេចចិត្តប្រើហិរញ្ញវត្ថុដ៏ច្រើនមហាសាល ដែលបានមកពីការជួញដូរអាវុធប្រល័យនោះឯង មកបង្កើត “មូលនិធិណូបែល” ដោយគោល បំណង​គឺដើម្បីប្រគល់រង្វាន់ ណូបែល ដល់អ្នកវិទ្យាសាស្ត្រ ដែលមានស្នាដៃឆ្នៃប្រឌិតហើយនឹង​រង្វាន់​ផ្សេងៗ ទៀត ៥ សាខា គឺ សាខារូបវិទ្យា គីមី ឳសថកម្ម វណ្ណកម្ម សន្តិភាព ហើយនឹង សេដ្ឋសាស្ត្រ។
ក្រោយពេលអាល់ហ្វ្រិដ ណូបែល លាចាកលោកទៅ រង្វាន់ដែលគេបានបង្កើតឡើង ក្លាយជា រង្វាន់ដែលមានកិត្តិយសខ្ពង់ខ្ពស់បំផុតជាងគេក្នុងលោក ដែលធ្វើឲ្យអ្នកបានទទួលរង្វាន់ក្លាយជា បុគ្គលរបស់ពិភពលោកភ្លាមៗ យ៉ាងគួរឲ្យអស្ចារ្យ។ រាយនាមឈ្មោះរបស់បុគ្គលដែលធ្លាប់បាន ទទួលរង្វាន់ណូបែលដូចជា ម៉ារី គូរី, អាល់ប៊ើត អាញស្តាញ, រពិន្ទរនាថ​ ថាកូល, ហិមមិងវេយ៍ រឺសូម្បី តែអង្គដាឡៃ ឡាមៈ, អង់សាន ស៊ូជី, អាល់ ករ៍, អម័ត្យៈ សេន, ណែលសាន់ មែនដេឡា, ហើយនឹង ផូល ឃ្រុកមែន​ សុទ្ធតែជារាយនាមដែលធ្វើឲ្យរង្វាន់ដែលមនុស្សបាបអាល់ហ្វ្រិដ ណូ​បែលបង្កើតឡើង ក្លាយជារង្វាន់ដែលមានទាំងកិត្តិយស កិត្តិគុណ និងសារៈសំខាន់​របស់​មនុស្ស​ជាតិអស់​រយៈពេលជាយូរអង្វែងឆ្លងកាត់ពេលវេលាកន្លងមក។
នៅក្នុងអតីត អាល់ហ្វ្រិដ ណូបែល គឺ បុរសដែលធ្លាប់លក់អាវុធសង្គ្រាមឲ្យដល់មនុស្សដែល​ឈ្លក់វង្វេងនឹងភ្លើងសង្គ្រាមទូរទាំងសកលលោក និងមានចំណែកផ្តាច់ផ្តិលសន្តិភាព សន្តិសុខ ចេញពីដើមទ្រូងរបស់មនុស្សជាតិមានចំនួនរាប់មិនអស់ តែក្នុងបច្ចុប្បន្នកាលកន្លងមកជាងមួយ​សតវត្ស និងត្រង់កណ្តាលពេលវេលាដែលកំពុងរំកិលទៅក្នុងលោកអនាគតហួសគណនានេះ ជឿ​ជាក់​យ៉ាងមុតមាំថា ក្នុងលោកនេះនៅមិនទាន់មានរង្វាន់អ្វី ដែលខ្ពង់ខ្ពស់ជាងរង្វាន់ណូបែល​នេះ​ទៀតឡើយ។
មិនគួរឲ្យជឿថា មនុស្សបាប អាចប្តូរចិត្តជាអ្នកបុណ្យសុន្ទរទាន ព្រមទាំងមានចំណែកដ៏សំខាន់​ក្នុង​ការ​​សាង​លោកជាច្រើនសាខាយ៉ាងគួរមហស្ចារ្យចិត្តដូចបុរសម្នាក់នេះ។
អាល់ហ្វ្រិដ ណូបែល គឺអតីតមនុស្សបាបដែលដឹងថា មនុស្សយើងនេះ មិនថាធ្លាប់មានអតីត​កាលដ៏ខ្មៅងងឹត និងធ្លាប់ឈឺចាប់គ្រាំគ្រាប៉ុណ្ណាក្តី ក៏អាចចាប់ផ្តើមសាងជីវិតថ្មីយ៉ាងមាន​ន័យ​ខ្លឹម​សា​រនិងមានប្រយោជន៍ចំពោះមនុស្សជាតិបានជានិច្ច សុំត្រឹមចេះបំភ្លេចអតីតកាល ហើយ​ចាប់​ផ្តើម​សាជាថ្មី។
តែមនុស្សបាបជាច្រើនសន្ធឹកសន្ធាប់ផ្សេងទៀតក្នុងលោកនេះ នឹងមានប៉ុន្មាននាក់ទៅដែលអាច​គិត​​យ៉ាងឆ្នៃប្រឌិតបានដូចជាណូបែលនេះ។

No comments:

Post a Comment