Sunday, January 10, 2016

ណែលសាន់ មែនដេឡា(រង្វាន់របស់អ្នកចេះអត់ធ្មត់រងចាំ)

nalson“រឿងខ្លះវាមានចំឡើយឲ្យយើងរើសពីរផ្លូវ។ យើងមិនចាំបាច់​តបថានឹងរើសយកផ្លូវខាងឆ្វេងរឺខាង​ស្តាំ ព្រោះមធ្យោ​បាយដែល​ត្រូវការ អាចស្ថិតនៅត្រង់កណ្តាល ហើយយើងក៏អាច​មើល​ឃើញវាបាន បើយើងចេះសម្រប​សម្រួលដោយមិនឲ្យវា​ជំទាស់​នឹងគោលការណ៍”
ពិភពលោកនាយុគសម័យសកលភាវូបនីយកម្ម មនុស្សជាតិ​ស្បែក​​ខ្មៅកំពុងឈានដល់យុគមាសរបស់ពួកគេក្រោយ​ពី​អត់​ធ្មត់ រងចាំអស់រយៈពេលយូរអង្វែងជាច្រើនសតវត្សមក។ ថ្នាក់​ដឹក​នាំជនជាតិ​ស្បែក​ខ្មៅជាច្រើនសន្ធឹកសន្ធាប់ត្រូវ​បាន​ពលី​ជីវិតចំពោះភាពអគតិដែលកើតមកពីការវាយតម្លៃ ភាពជាមនុស្សយ៉ាងរាក់កំផែល​គឹដោយ​គ្រាន់​តែមើលគ្នាទៅលើ “ពណ៌ស្បែក” ដែលវាគ្រាន់តែជា “សម្បក្រៅនៃភាពជាមនុស្ស” តែប៉ុណ្ណោះ។
តែមួយពព្រិចភ្នែកក្នុងខណៈដែល បារ៉ាក់ ហ៊ុសសេន អូបាម៉ា បុរសស្បែកខ្មៅនៅរដ្ឋអ៊ីលិណយស៍ គឺបុរសដែលមានបិតាជាជនជាតិខេនយ៉ា (kenya) មាតាជាជនជាតិអាមេរិកាំងស្បែកស ឈាន ជើងឡើងកាន់បល្ល័ង្កនៃមហាអំណាចលេខមួយរបស់ពិភពលោកបានសំរេច ក៏ហាក់ធ្វើឲ្យ​ឃើញ​ថា រាប់ចាប់ផ្តើមតាំងពីវិនាទីនេះតទៅ ប្រវត្តិសាស្ត្ររបស់មនុស្សជាតិស្បែកខ្មៅនឹងមិន​ដូចដើម​ទៀតឡើយ។
តែមុននឹង បារ៉ាក់ អូបាម៉ា បានមកក្រេបរសជាតិនៃឥស្សរភាព ហើយនឹងភាពស្មើភាគគ្នាយ៉ាង​​​​ ផ្អែម ក្រអូបដូចថ្ងៃនេះ វិថីរបស់គេតែងក្រាលទៅដោយដានលោហិតហើយនឹងតំណក់ទឹកនេត្រា​នៃ​ជនជាតិស្បែកខ្មៅថ្នាក់ដឹកនាំដូចជា រ៉ូសា ផារ៍ក, ម៉ារ៍ទិន លូធើរ៍ ឃិង ជូនៀរ៍, មហាតមៈ គន្ធី,​ អាប់ប្រ៉ា ហ័ម លិនខល៍ន (ប្រធានាធិបតីអ្នកដោះលែងទាសករស្បែកខ្មៅឲ្យក្លាយជាអ្នក​មាន​ឥស្សរភាព) រហូតកើតជាកវីនិពន្ធដ៏កក្រើករំពើកទូទាំងអាមេរិកក្នុងពេលនេះថា “ព្រោះរ៉ូសា ផារ៍ក អង្គុយ, ទើបមារ៍ទិនបានដើរ, ទើបអូបាម៉ាបានរត់, ហើយកូនចៅរបស់អាមេរិកាំងទើប​បាន​ហោះហើរ”។
ទោះយ៉ាងណាក៏ដោយ វិថីការតស៊ូរបស់ជនជាតិស្បែកខ្មៅអ្នកប្រាថ្នាភ្លក់រសជាតិសេរីភាពហើយ នឹងភាពស្មើភាគគ្នាជាមួយជនជាតិស្បែកសនេះ មិនមែនមានត្រឹមនៅអាមេរិកប៉ុណ្ណោះទេ តែបើ និយាយគ្នាតាមការពិតហើយនោះ ការតស៊ូដើម្បីឲ្យបានមកនូវសេរីភាពនិងសមភាពដូច្នេះ បាន កើតឡើងនឹងផ្សព្វផ្សាយទៅទូទាំងពិភពលោក។
កន្លែងដែលមានស្ថានការណ៍ពុះកញ្ជ្រោលជាងអាមេរិកក៏គឺ ទ្វីបអាហ្វ្រិកទូទាំងទ្វីប ព្រោះទីនោះគឺ ជាផ្ទះរបស់ជនជាតិស្បែកខ្មៅ ដែលត្រូវពួកអ៊ឺរ៉ុបស្បែកសនៅយុគអាណានិគម​ចូលទៅគ្រប់គ្រង​កៀប សង្កត់ជិះជាន់ ហើយចាត់ទុកជនជាតិស្បែកខ្មៅថាជាមនុស្សថ្នាក់ទីពីរគឺអ្នកដែលគ្នានសិទ្ធិ​ជា​​ពលរដ្ឋ (civil right) ហើយនឹងមិនមានកិត្តិយសក្នុងភាពជាមនុស្សឡើយ។ ជនជាតិ​ស្បែក​ខ្មៅ​នៅទ្វីបអាហ្វ្រិកក្នុងកំឡុង ពេលមុនសង្គ្រាមលោកលើកទីពីរ ត្រូវបានពួកអាណានិគមស្បែកស​ប្រព្រឹត្តិ​ទៅលើពួកគេ ហាក់ដូចពួកគេជាសត្វតិរច្ឆានដែលចៃដន្យមានសភាវៈខាងរាង្គកាយ ​ជា​មនុស្ស​​ប៉ុណ្ណោះ។
ហើយដោយសារនៅទ្វីបអាហ្វ្រិកច្រើនទៅដោយមនុស្សស្បែកខ្មៅ ច្រើនទៅដោយការប្រកាន់ ពូជសាសន៍ ច្រើនទៅដោយការជិះជាន់សង្កត់សង្កិននេះឯង ដែលធ្វើឲ្យបុរសស្បែកខ្មៅម្នាក់កើត មកព្រមជាមួយមត៌កជាស្បែកខ្មៅដែលមានតែការមើលងាយមើលថោក ជិះជាន់ ញ៉ាំញី ជារបស់ ថែម។
ហើយនៅទ្វីបអាហ្រិកនេះឯង ដែលបុរសស្បែកខ្មៅម្នាក់នោះបានប្តូរឧបសគ្គទាំងមូលឲ្យក្លាយជា រាននៃការទទួលបានជោគជ័យក្នុងជីវិតយ៉ាងស្រស់បំព្រងមិនអាចកាត់ថ្លៃបាន រហូតដល់ខ្លួនគេ ក្លាយជាបុគ្គលសំខាន់ម្នាក់របស់ពិភពលោកយ៉ាងនឹកស្មានមិនដល់។
បុរសម្នាក់នោះគឺ ណែលសាន់ មែនដេឡា អតីតប្រធានាធិបតីរបស់ប្រទេសអាហ្រ្វិកខាងត្បូង អ្នកដែលទស្សនាវដ្តីថាម (Time) លើកតម្កើងឲ្យជាកំពូលមនុស្សប្រចាំឆ្នាំ គ.ស.​១៩៩៣ ហើយនឹងជា ម្ចាស់រង្វាន់ណូបែលសាខាសន្តិភាពក្នុងឆ្នាំជាមួយគ្នានោះដែរ ហើយនឹង​ជា​អ្នក​តស៊ូ​ដើម្បី​សិទ្ធិមនុស្ស និងជាទូតសន្តិភាពដែល​មានកិត្តិយសបំផុតម្នាក់របស់ពិភពលោក។ រដ្ឋា​ភិ​បាល​​និងប្រជាជននៅ ប្រទេសនោះ​សុទ្ធតែត្រេកអរទទួលស្វាគមន៍គេ​យ៉ាងសក្តិសមនឹងមាន​កិត្តិ​យស​។ ​ថ្ងៃខួបកំណើត របស់គេក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ មានប្រជាជនជាច្រើន​ប្រទេស​​​បាន​ចាត់ពិធីជប់លៀង ឲ្យគាត់ ហាក់ដូចគាត់គឺជាពលរដ្ឋម្នាក់របស់​ប្រទេស​ខ្លួន​ដូច្នោះ​ឯង​។
តែ ទម្រាំនឹងបានមានថ្ងៃស្រស់ស្រួលមូលសុខដូចសព្វថ្ងៃនេះ មាននរណាទៅដឹងថា បុរសស្បែក ខ្មៅនាមណែលសាន់ មែនដេឡា ធ្លាប់មានជីវិតទទួលរនូវសេចក្តីទុក្ខដ៏សែនធ្ងន់​និងត្រូវ​ជាប់ពន្ធ​នាគារ​​ជាយូរអង្វែងដោយគ្មានកំហុសជាង ២៧ ឆ្នាំរហូតគេក្លាយជាអ្នកទោសនយោបាយ​ដែល​ត្រូវ​ជាប់ទោសយូរជាងគេបំផុតក្នុងពិភពលោក តែលុះបានទទួលឥស្សរភាពហើយគេក៏ជាអ្នក​ទោស​នយោ​បាយ ដែលមានកេរ្តិ៍ឈ្មោះពិរោះល្បីបំផុតក្នុងពិភពលោកដូចគ្នាដែរ។
២៧ ឆ្នាំក្នុងគុករបស់មែនដេឡា គឺជា ២៧ ឆ្នាំនៃការអត់ធន់និងរងចាំយ៉ាងយូរអង្វែងបំផុត តាម សមត្ថភាពដែលមនុស្សម្នាក់គប្បីអត់ធន់និងរងចាំបាន ថែមទាំងជា ២៧ ឆ្នាំនៃការអប់រំបន្ទំបារមី ស្មារតីនឹកគិតផ្នែកខាងនយោបាយដ៏ក្តៅគគុកនាពេលនោះឲ្យស្រួចស្រាល់បំផុតផងដែរ។
មិនគួរឲ្យជឿថា ២៧ ឆ្នាំដែលនៅក្នុងគុក សេចក្តីសង្ឃឹមហើយនឹងសេចក្តីសុបិនដ៏រុងរោចន៍របស់ គេមិនដែលពុកផុយរឺឆេះខ្លោចអស់ម្តងណាសោះឡើយ។
នៅលើវិថីនៃការទន្ទឹងរងចាំអស់កាលដ៏យូរលង់ ដែលមានសេចក្តីអត់ធន់ជាគ្រឿងទ្រទ្រង់ មាន សេចក្តីសង្ឃឹមជាគោលដៅ នៅទីបំផុតណែលសាន់ មែនដេឡា ត្រឡប់បានទទួលរង្វាន់មិនអាច កាត់ថ្លៃបាន ដែលសូម្បីតែគេខ្លួនឯង ក៏គង់នឹកស្មានមិនដល់។
ណែលសាន់ មែនដេឡា តស៊ូមកដូចម្តេច នេះគឺជារឿងដែលគួរឲ្យពិចារណាយ៉ាងក្រៃលែង។
ណែលសាន់ មែនដេឡា គឺជាកូនប្រុសរបស់មេដឹកនាំកុលសម្ព័ន្ធថេមប៊ូ ដែលជាកុលសម្ព័ន្ធ​ជន​ជាតិដើមមួយក្រុមក្នុងប្រទេសអាហ្វ្រិកភាគខាងត្បូង។ ពេលបិតាបានទទួលមរណភាពទៅហើយ ទើបគេ​ចូលមកបំពេញ​តួនាទីជាមេដឹកនាំកុលសម្ព័ន្ធជំនួសបិតា ដោយ​មានអ៊ុំប្រុសនៅក្បែរខ្លួន​របស់​គេ​ ចាំ​ជួយ​ណែនាំនិងជាទី​ប្រឹក្សា។​ ដោយសារ​គេជាកូន​ប្រុស​របស់​ថ្នាក់​ដឹកនាំ​ប្រចាំ​កុល​សម្ព័ន្ធ​ ទើបគេបានរៀនអក្សរ​យ៉ាង​ល្អបំផុត​ពីគ្រូដែលជាសាសនទូត (missionary) ជនជាតិអង់​គ្លេស។​ ការបាន​រៀន​ជាមួយ​គ្រូ​ដែល​​ជាមនុស្សថ្នាក់ខ្ពស់ របស់អង់គ្លេស​ទើបធ្វើឲ្យ​គេមាន​ទស្សន​វិស័យ​​ផ្សេងគ្នា​ពីមនុស្ស​ដែលនៅក្នុងកុល​សម្ព័ន្ធ​ ​​ហើយទស្សនវិស័យនេះគ្មាន​ថ្ងៃ​ត្រឡប់​ទៅដូច​ដើម​វិញ​បាន​ឡើយ។
ពេលធំឡើង ណែលសាន់ មែនដេឡា បានទទួលការសិក្សាពីមហាវិទ្យាល័យនាំមុខគេឈ្មោះ ហ្វរ៍ត ហ៊ែរ៍ ខលលេច។ តមកមែនដេឡា ចំណាកស្រុកទៅអាស្រ័យនៅក្រុងចូហាន់នេសប៊ើរ៍ក ដើម្បីប្រកបអាជីពជាមេធាវី និងសិក្សាតនៅមហាវិទ្យាល័យ វិតវរ៍ទើរ៍សរែនដ៍។
ក្រោយពេលចប់ការសិក្សាគេក៏ចាប់ផ្តើមការងារផ្នែកខាងសិទ្ធិមនុស្ស ដោយស្ម័គ្រជាសមាជិក សហព័ន្ធនៃជាតិអាហ្វ្រិក​ (African National Congress : ANC) ដែលនៅពេលនោះគេមានអាយុ ២៥ ឆ្នាំប៉ុណ្ណោះ។​ គោលដៅនៃការចូលប្រលូកក្នុងនយោបាយដំបូងក៏ព្រោះត្រូវការ​ទាមទារ​ភាព​យុត្តិធម៌ ដើម្បីឲ្យមនុស្សស្បែកខ្មៅមានសិទ្ធិស្មើភាគគ្នាជាមួយមនុស្សស្បែកសក្នុងការមាន​ឳកាស​​និងមាន សិទ្ធិជាពលរដ្ឋស្មើភាគគ្នាទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ការសិក្សា និង​កិត្តិ​យសក្នុងភាព ជាមនុស្ស។
ណេលសាន​ មែនដេឡា ជាមេធាវីផង ជាអ្នកនាំពាក្យ(spokeman)ប្រចាំអង្គការដែលសង្កាត់នៅ ផង ហើយដែលសំខាន់គឺគេជាអ្នកដឹកនាំពីធម្មជាតិដែលមានសិល្បៈក្នុងការថ្លែងសុន្ទរកថាយ៉ាង ពូកែអស្ចារ្យ (គួរសង្កេតផងដែរថា “សិល្បៈនៃការថ្លែងសុន្ទរកថា” គឺជាអង្គប្រកបរបស់អ្នកដឹកនាំ ស្ទើរគ្រប់គ្នា)។
តមកនៅ គ.ស. ១៩៥៦ មែនដេឡាក៏បានភ្លក់រសជាតិជីវិតក្នុងពន្ធនាគារដោយការចោទប្រកាន់ ថាប្រព្រឹត្តខុសច្បាប់ប្រឆាំងកុម្មុយនិស្ត។ លុះដល់ឆ្នាំ ១៩៦០ ប្រជាជនស្បែកខ្មៅត្រូវប៉ូលិសបាញ់ រាសបាត់បង់ជីវិតដល់ទៅ ៦៩ នាក់​ ហេតុការណ៍នេះកក្រើករំពើកលួសព្រលឹងទូទាំងពិភពលោក ។​ ក្រោយពីត្រូវបានចាប់ជាច្រើនឆ្នាំ ណែលសាន់ក៏ទទួលបានការដោះលែងព្រោះគ្មានកំហុស តែលុះដល់ឆ្នាំ ១៩៦២ ក៏ត្រូវចាប់ទៀតជាលើកទីពីរ ដោយការចោទប្រកាន់ថាជាអ្នកញុះញង់ឲ្យ មានធ្វើកូដកម្មហើយនឹងការធ្វើដំណើរចេញក្រៅប្រទេសដោយគ្មានលិខិតឆ្លងដែន។
គ.ស.១៩៦៣ មែនដេឡាត្រូវឆ្នោតរង្វាន់ធំបំផុតម្តងទៀតពេលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងស្រាវ ជ្រាវឃើញឯកសារម្យ៉ាងថា សភាអាហ្វ្រិកដែលគេសង្កាត់នៅមានផែនការក្បត់ប្រឆាំងអំណាចរដ្ឋ ដោយអាវុធសង្គ្រាម លើកនេះ គេហើយនឹងបក្សពួកត្រូវបានដាក់ខ្នោះវែងអន្លាយក្លាយជាអ្នក ទោសនយោបាយ “អស់មួយជីវិត”។
យ៉ាងណាក៏ដោយ ទោះបីគេត្រូវបានជាប់ឃាំងក្នុងពន្ធនាគារ តែសម្រាប់បញ្ញាជនដូចគេនោះ គុក ឃាំងបានតែរាង្គកាយ ចំណែកចិត្តវិញ្ញាណហើយនឹងបញ្ញានៅតែចែងចាំងរស្មីភ្លឺចិញ្ចាចគ្រប់ពេល វេលា។
ក្នុងគុករបស់អ្នកនយោបាយនោះ មែនដេឡាហើយនឹងមិត្តភក្តិបានចែកក្រុមគ្នាសិក្សារកចំណេះ ដឹងជាប្រចាំ។ មានអ្នកពោលថា ការបានអានកាសែតពីលោកខាងក្រៅត្រឹមមួយច្បា​ប់របស់ពួក​គេ​វា​មាន​តម្លៃក្រៃលែងជាងបានអាហារជាច្រើនពេលទៅទៀត ព្រោះពួកគេត្រូវការលបលួចតាម​ដាន​​ហេតុការណ៍​​និងរឿងរ៉ាវ​ខាង​ក្រៅ​យ៉ាងអាថ៌កំបាំង និងស្ងប់ស្ងាត់បំផុត។ លទ្ធផលនៃ “ការ​លា​​សិក្សាត” ក្នុងគុក​ ធ្វើ​ឲ្យ​ណែល​សាន់​បានរកឃើញរឿងម្យ៉ាងដែលប្រដូចទៅនឹងសារៈ​សំខាន់​របស់ការ​ស្រាវ ជ្រាវមួយថា
“…មានអ្នកពោលថា គ្មាននរណាស្គាល់ប្រទេសមួយយ៉ាងពិតប្រាកដបានទេលុះត្រាតែគេនោះ​បានចូលទៅនៅក្នុងគុករបស់ប្រទេសនោះ។ យើងមិនគួរវាយតម្លៃប្រទេស​ណា​មួយ​លើ​វិធី​ដែល​រដ្ឋា​ភិបាលបានបតិបត្តិចំពោះប្រជាពលរដ្ឋថ្នាក់ខ្ពស់ តែគួរមើល​លើវិធីដែល​ពួកគេបតិបត្តិ​ចំពោះ​ប្រ​ជាពលរដ្ឋដែលស្ថិតនៅ ក្នុងស្ថានភាពតូចទាបបំផុត ហើយចំពោះទស្សនរបស់ខ្ញុំ រដ្ឋាភិបាល​របស់សហភាពអាហ្វ្រិកបានបតិបត្តិចំពោះប្រជាពលរដ្ឋអាហ្វ្រិក​ដូចគ្នាទៅនឹងការបតិបត្តិចំពោះ​សត្វ​ធាតុ​”
ប្រយោគចុងក្រោយដែលថា “..រដ្ឋាភិបាល​របស់សហភាពអាហ្វ្រិកបានបតិបត្តិ​ចំពោះប្រជា​ពល​រដ្ឋ​​អាហ្វ្រិក​​ដូចគ្នា​ទៅនឹងការបតិបត្តិចំពោះ​សត្វ​ធាតុ” ប្រហែល​អាចប​ង្ហាញ​ឲ្យ​ឃើញ​ជាក់​ច្បាស់​ណាស់​ថា ហេតុអ្វីទើប​ណែលសាន់ មែនដេឡា ត្រូវក្រោកឡើងតស៊ូ ជាការក្រោក​ឡើង​តស៊ូ​ប្រដូច​គ្រាមួយមហាត្មៈគន្ធី ដែលត្រូវបាន គេដេញចុះពីរថភ្លើងនៅ​អាហ្វ្រិកខាងត្បូង​ធ្លាប់ក្រោក​ឡើង​តស៊ូមកហើយនោះឯង។
កំឡុងពេលដែលណែលសាន់ មែនដេឡាជាប់គុកនោះ ខ្សែជលធារនៃការតស៊ូដើម្បីទាមទារសិទ្ធិ ស្មើគ្នារវាងជនជាតិស្បែកខ្មៅនៅតែហូររលេញជាប់មិនដាច់។ រវាងទស្សវត្ស ១៩៨០ មាន​ប្រជា​ជន​ ស្បែកខ្មៅរងរបួសនិងស្លាប់ជាង ៦០០ នាក់ ទោះបីខ្លួនគេនឹងបក្សពួក​មិនអាច​តស៊ូ​យ៉ាង​បើក​ចំហ ​នៅលោកខាងក្រៅរួមជាមួយប្រជាជនដែលជាម្ចាស់ប្រទេស តែនៅក្នុងលោកនៃការគិតវិញ គេ នៅតែត “បំពង់ទឹកស្រោចស្រប់ខាងគំនិត” ដល់យុវជនយុវនារីជានិច្ច។
ជាញឹកញាប់ដែលយុវជនយុវនារីត្រូវបានរដ្ឋាភិបាលលោមព័ទ្ធបង្រ្កាប ចាប់ឃុំឃាត់ឃាំងធ្វើទុក្ខ ទារុ​ណ​​​កម្ម ហើយកំឡុងពេលដូចពោលមកនោះ ណែលសាន់ មែនដេឡានិងអន្តរជាតិដឹងយ៉ាង ច្បាស់ថាកើតអ្វីឡើងនៅអាហ្វ្រិកខាងត្បូង រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងទើបត្រូវអន្តរជាតិដាក់ សំ ពាធជាប្រចាំឲ្យឈប់ប្រើនយោបាយបែងចែកពណ៌សម្បុរ ហើយនឹងព្យាយាមចរចាជាមួយក្រុម របស់មែនដេឡា តែសម្លេងឆ្លើយតបដែលត្រឡប់ចេញមកពីបញ្ញាជនក្នុងគុកក៏គឺ
“ខ្ញុំមិនអាច ហើយនឹងមិនព្រមទទួលសំណើអ្វីៗ ក៏ដោយ ក្នុងពេលដែលខ្លួនខ្ញុំ, ពួកអ្នក ហើយ​នឹង​ប្រជាជនទាំងឡាយនៅមិនទាន់មានឥស្សរៈ។ សេរីភាពរបស់ពួកអ្នកហើយនឹង​សេរីភាពរបស់​ពួក​ខ្ញុំ មិនអាចញែកចេញពីគ្នាបានឡើយ”
ការតស៊ូរបស់ប្រជាជនយុវវ័យ ការរងរបួសនិងស្លាប់របស់មនុស្សបរិសុទ្ធិជាច្រើនលើកច្រើនគ្រា បូកជាមួយនឹងការដាក់សម្ពាធពីអន្តរជាតិ ធ្វើឲ្យរដ្ឋាភិបាលនៃសហភាពអាហ្វ្រិខាងត្បូងមិនអាច ទប់ទល់នឹងជលធារនៃការផ្លាស់ប្តូរតទៅទៀតបាន។
នៅទីបំផុតក្នុង គ.ស.១៩៩០ ណែលសាន់ មែនដេឡា ក៏មានកិត្តិយស​ត្រូវបានគេអញ្ជើញ​ឲ្យទៅ​ចរចា​ ជាមួយហ្វ្រេឌើរិក ដាប់បឹលយូ. ឌើ ខ្លារ៍ក ប្រធានាធិបតី​នៃសហភាព​អាហ្រ្វិក​ខាង​ត្បូង​ដើម្បី​ស្វែង​រកដំណោះស្រាយក្នុងការធ្វើឲ្យអាហ្វ្រិកខាងត្បូងមានប្រជាធិបតេយ្យពេញលេញ នយោ​បាយបែងចែកពណ៌សម្បុរនឹងត្រូវបានបញ្ឈប់ ប្រជាជននឹងបានក្លាយ​ជាម្ចាស់ប្រទេស​យ៉ាងពិត​ប្រាកដ​ដូច​នានា​​អារយៈប្រទេសទាំងឡាយ។
លទ្ធផលការចរចាធ្វើឲ្យសហព័ន្ធនៃជាតិអាហ្វ្រិក (African National Congress: ANC) ដែលធ្លាប់ ត្រូវរដ្ឋបរាមុខថាជាអង្គការខុសច្បាប់ បានទទួលរ៉ាប់រងឲ្យជាបក្សនយោបាយ​ ហើយណែលសាន់ មែនដេឡា បានទទួលឥស្សរភាពក្រោយពីបានទន្ទឹងរងចាំអស់រយៈពេលជាង ២៧ ឆ្នាំ។
ឆ្នាំដែលបានទទួលឥស្សរភាព ណែលសាន់មែនដេឡា អាយុសង្ខារកន្លងមកជាង ៧១ ឆ្នាំហើយ តែជា ៧១ ឆ្នាំដែលភ្លើងក្នុងបេះដូងនៅសន្ធោសន្ធៅ រវាសរវៃ ហើយនឹងពេញប្រៀបទៅដោយក្តី សង្ឃឹមគិតដល់អរុណោទ័យនៃសេរីភាព។ ថាមពលនៃសេចក្តីសង្ឃឹមក្នុងខ្លួន​របស់គេហើយនឹង​ភាពក្រអូបឈ្ងុយឈ្ងប់នៃសេរីភាពនិងសមភាព ធ្វើឲ្យគេនៅតែរឹងមាំ សុខភាពល្អ កែវភ្នែក​មាន​រស្មី ​សតិបញ្ញាស្រួចស្រាល់ព្រោះបានអប់រំមកអស់កាលយូរអង្វែងរហូតទុំក្រហមឆ្អៅ គេ..ជា​បុរស​អវុសោ​ដែល ត្រូវពន្ធនាការមកជាងពាក់កណ្តាលនៃជីវិត ភ្លាមៗ ដែលគេបាន​ទទួល​ឥស្ស​រ​ភា​ព​​គេក៏​ឈា​នឡើងកាន់ ភាពជាមេដឹកនាំប្រជាជនដោយគ្មាននរណាសង្ស័យនូវភាវៈ​ជា​មេដឹក​នាំ​របស់គេសូម្បី​​បន្តិច​ឡើយ។
យ៉ាងណាក៏ដោយ ក្រោយពេលបានទទួលឥស្សរភាព សង្គ្រាមរវាងពណ៌ស្បែកក៏នៅតែក្តៅគគុក នៅឡើយ ការរងរបួសនិងបាត់បង់ជីវិតរវាងមនុស្សស្បែកខ្មៅនិងមនុស្សស្បែកសនៅមានជាប់ មិនដាច់ តែណែលសាន់ មែនដេឡា ក្នុងឋានៈអ្នកដឹកនាំបក្សសហព័ន្ធនៃជាតិអាហ្វ្រិក ហើយនឹង ហ្រ្វេឌើរិក ដាប់បឹលយូ ឌើ ខ្លារ៍ក ដែលជាមេដឹកនាំបក្សប្រជាជាតិ (National Party) បានចាប់ដៃ គ្នាចរចាសន្តិភាព ដើម្បីស្វែរកប្រជាធិបតេយ្យរបស់មនុស្សស្បែកខ្មៅរួមគ្នាហើយនឹងបញ្ឈប់ភាព ទាស់ទែងទាំងពួងដោយសន្តិវិធី។
នៅទីបំផុតអានិសង្សសម្រាប់អ្នកស៊ូ​ហ្វឹកហាត់ភាពអត់ធ្មត់ក្នុងការទន្ទឹងរងចាំក៏ធ្វើដំណើរមកដល់ នោះក៏គឺ នៅចុងឆ្នាំ ១៩៩៣ ណែលសាន់ មែនដេឡា ហើយនឹង ឌើ ខ្លារ៍ក ត្រូវបានប្រកាស់ថាជា អ្នកសក្តិសមនឹងរង្វាន់ណូបែលសាខាសន្តិភាព ដែលជារង្វាន់មានកិត្តិយសខ្ពង់ខ្ពស់បំផុតសម្រាប់ មនុស្សជាតិទូទាំងពិភពលោក។ លុះដល់ឆ្នាំ ១៩៩៤ ផ្ទៃមេឃក្រោយភ្លៀងធ្លាក់ក៏ចាប់ផ្តើមស្រឡះ ស្រស់បស់ នយោបាយថ្មីដែលមនុស្សស្បែកខ្មៅ ហើយនឹងមនុស្សស្បែកសមានសិទ្ធិស្មើភាគគ្នា ក៏បានកើតឡើង ក្នុងពេលដែលណែលសាន់ មែនដេឡា បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតី​ស្បែកខ្មៅ​ដំបូង គេបង្អស់របស់ប្រទេសអាហ្វ្រិកខាងត្បូងគេ​ស្ថិតនៅ​ក្នុងតំណែងនេះ​យ៉ាងយូរ​អស់ចិត្ត ហើយ​បានទទួលជោគជ័យយ៉ាងខ្ពង់ខ្ពស់ក្នុងជីវិត។
នៅឆ្នាំ ១៩៩៩ ណែលសាន់ មែនដេឡា បានលាលែងចេញពីតំណែងប្រធានាធិបតី ហើយ​បាន​ឧទ្ទិស​​ខ្លួន​គេ ចំពោះការងាជាកុសល​អណ្តាប់ពិភពលោក សព្វថ្ងៃនេះ​គេឈប់​អង្គុយលើកៅ​អី​នៃ​អំណាច​ក្នុងវិមានប្រធានាធិបតីរបស់អាហ្វ្រិកខាងត្បូងតទៅទៀតហើយ តែគេបានលើក​ខ្លួន​ឯង​​ឲ្យ​ខ្ពស់ឡើងជាងនោះទៅទៀត នោះក៏គឺ គេក្លាយជាមនុស្សរបស់ពិភពលោក ជាមនុស្ស​ដែល​ស្ថិត​​​នៅក្នុងដួងចិត្តរបស់មនុស្សជាច្រើនទូទាំងពិភពលោក ក្នុងឋានៈ​ជាទូតសន្តិភាពពិភពលោក​ហើយ​នឹងជាម្ចាស់មូលនិធិ ណែលសាន់ មែនដេឡា ដើម្បីកុមារហើយនឹងយុវជន។

No comments:

Post a Comment