Sunday, January 10, 2016

បន្ទះផ្លែឡាម

បន្ទះផ្លែឡាម ក្នុងថ្ងៃមួយ បន្ទះផ្លែឡាមរបូតចេញមកពីដង ធ្លាក់នៅលើតុក្បែរបង្អួច។

 ព្រះអាទិត្យបានជះពន្លឺមកត្រូវ បន្ទះផ្លែឡាមចែងចាំងរស្មីផ្លេកៗ។ ផ្លែឡាមឃើញខ្លួនឯងអាចបញ្ចេញរស្មីបានក៏មានមោទនភាពហើយកើតគំនិតឆ្មើងឆ្មៃចេញមកភ្លាម។ វាមានអារម្មណ៍មើលងាយការងារដែលវាកំពុងធ្វើ ហើយវារអ៊ូរទាំខ្សឹបៗ ថា “យើងនឹងមិនត្រឡប់ទៅកាន់ហាងកាត់សក់នោះទៀតទេ មើលនែ៎ ខ្ញុំសែនស្រស់ស្អាតសោភា ខ្លួនប្រាណឆ្លុះពន្លឺភ្លឺផ្លេកតែម្តង តែបែរជាត្រូវទៅធ្វើការងារដែលស្មោកគ្រោក ត្រូវប្រឡាក់សាប៊ូ ប្រឡាក់ពុកមាត់ ប្រឡាក់សក់សំអុយរបស់ពួកមនុស្សថ្នាក់អន់ៗ ពិតជាគ្មានខ្លឺមសារអ្វីបន្តិចសោះ។ ខ្ញុំគួរតែថ្នមស្រលាញ់ខ្លួនឯង មិនធ្វើឲ្យរស្មីដ៏ភ្លឺផ្លេករបស់ខ្លួនឯងសៅហ្មង ព្រោះហេតុដូច្នះហើយ ខ្ញុំគួរស្វែងរកទីកន្លែងដ៏ស្ងប់សា្ងត់មួយកន្លែងដើម្បីលាក់ខ្លួន ឈប់រវីរវល់ជាមួយនឹងសង្គមនេះតទៅទៀត”។

 គិតដូច្នេះហើយទើបវាគេចវេសខ្លួនទៅរស់នៅក្នុងច្រកចង្អៀតក្រោមតុមួយ។

 ពេលវេលាកន្លងផុតទៅមួយរយៈ ផ្លែឡាមរត់ចេញមកពីទីកន្លែងលាក់ខ្លួន ពន្លឺព្រះអាទិត្យនៅតែជះពន្លឺដ៏ត្រចះត្រចង់ តែភាពភ្លឺផ្លេករបស់ផ្លែឡាមបានបាត់បង់អស់ទៅហើយ ផ្លែឡាមមានច្រេះតោងក្តាំងពេញខ្លួន ក្លាយជាកំទេចដែកពុកៗដែលគ្មានតម្លៃ។ 

“ពុទ្ធោ! មិនគួរឡើយ” វាស្រែកយំ “ខ្ញុំគួរតែប្រើផ្លែឡាមរបស់ខ្លួនឯងផ្តល់សេវ៉ាកម្មបម្រើពួកមនុស្សតទៅទៀត តែពេលនេះ...” វាកាន់តែមានអារម្មណ៍ខូចចិត្តខ្សឹកខ្សួលខ្លាំងឡើង “ខ្ញុំក្លាយជាកំទេចដែកច្រេះចាប់ដែលគ្មានតម្លៃអ្វីទៀតហើយ” មនុស្សដែលមិនព្រមធ្វើការ មួយថ្ងៃៗគិតតែពីដើរលេងអាវ៉ាសែប៉ោឡែ ឲ្យធ្វើការនេះក៏តិះដៀលថាគ្មានតម្លៃ ឲ្យធ្វើការនោះក៏ប្រាប់ថាមិនសមនឹងខ្លួនឯង។ មនុស្សប្រភេទនេះនៅទីបំផុតក៏នឹងមានសភាពដូចគ្នានឹងផ្លែឡាមក្នុងរឿងនេះឯង។ 

គតិគួរគិត

មនុស្សយើង ទោះពូកែប៉ុណ្ណា តែប្រសិនបើគិតថាខ្លួនឯងវិសេសខ្ពង់ខ្ពស់រហូតមិនអាចរស់នៅរួមពិភពលោកជាមួយអ្នកដទៃបាន ឃើញការងារគ្រប់ប្រភេទថាជាការងារថ្នាក់ថោកទាបទាំងអស់ ហើយមិនព្រមធ្វើការងារអ្វីសោះឡើយ មនុស្សម្នាក់នោះក៏នឹងអស់តំលៃភ្លាម។

No comments:

Post a Comment